ចោទិយ‌កថា 21:9-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ដូច្នេះ​ឯង​នឹង​បាន​បំបាត់​ការ​កំចាយ​ឈាម ដែល​ឥត​មាន​ទោស ពី​ពួក​ឯង​ចេញ ដោយ​ធ្វើ​ការ​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។

10. បើ​កាល​ណា​ឯង​ចេញ​ទៅ​ច្បាំង និង​ពួក​ខ្មាំង​សត្រូវ ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង ឯង​ក៏​បាន​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ​ហើយ

11. រួច​ឃើញ​មាន​ស្រី​ណា​មាន​រូប​ស្រស់​ល្អ នៅ​ក្នុង​ពួក​ឈ្លើយ​នោះ ហើយ​ឯង​មាន​ចិត្ត​ប្រតិព័ទ្ធ ចង់​យក​ធ្វើ​ជា​ប្រពន្ធ

12. នោះ​ត្រូវ​នាំ​នាង​ទៅ​ឯ​ផ្ទះ​ឯង ឲ្យ​នាង​កោរ​សក់ ហើយ​កាត់​ក្រចក

13. ព្រម​ទាំង​ដោះ​អាវ​ដែល​ពាក់​ពី​កាល​ចាប់​បាន​នោះ​ចេញ រួច​ត្រូវ​ឲ្យ​នាង​នៅ​ក្នុង​ផ្ទះ​ឯង ដោយ​យំ​សោក​នឹង​ឪពុក​ម្តាយ​អស់​១​ខែ​គត់ ក្រោយ​នោះ​មក សឹម​ឯង​ចូល​ទៅ​ឯ​នាង យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ចុះ

14. លុះ​ក្រោយ​ទៅ បើ​មិន​ចូល​ចិត្ត​នឹង​នាង​វិញ នោះ​ត្រូវ​បើក​ឲ្យ​ទៅ​តាម​តែ​ចិត្ត មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ ដ្បិត​ឯង​បាន​បន្ទាប​នាង​ហើយ។

15. បើ‌សិន​ជា​មាន​អ្នក​ណា​មាន​ប្រពន្ធ​២ មួយ​ជា​ទី​ស្រឡាញ់ ហើយ​មួយ​ស្អប់​វិញ តែ​ទាំង​២​បាន​បង្កើត​កូន​ដោយ‌សារ​អ្នក​នោះ ហើយ​កូន​ច្បង​បង្អស់​ជា​កូន​របស់​នាង​ដែល​ស្អប់

16. ដូច្នោះ​នៅ​ថ្ងៃ​ណា​ដែល​ចែក​មរដក​ដល់​កូន នោះ​មិន​ត្រូវ​ឲ្យ​លើក​កូន​របស់​នាង​ដែល​ជា​ទី​ស្រឡាញ់ ទុក​ជា​កូន​ច្បង​ជំនួស​កូន​នាង ១​ជា​ទី​ស្អប់ ដែល​ជា​កូន​ច្បង​ពិត​មែន​នោះ​ឡើយ

17. គឺ​ត្រូវ​ទទួល​រាប់​កូន​របស់​នាង​ដែល​ខ្លួន​ស្អប់​នោះ ទុក​ជា​កូន​ច្បង​ពិត ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​វា ឲ្យ​លើស​១​ជា​២ ដ្បិត​កូន​នោះ​ជា​កូន​ដំបូង​របស់​ខ្លួន អំណាច​ច្បាប់​របស់​កូន​ច្បង​ត្រូវ​បាន​ជា​របស់​ផង​វា។

18. បើ​អ្នក​ណា​មាន​កូន​ដែល​ចចេស​រឹង‌រូស មិន​ព្រម​ចុះ​ចូល​ស្តាប់​តាម​បង្គាប់​ឪពុក​ម្តាយ​សោះ ហើយ​ទោះ​បើ​ឪពុក​ម្តាយ​វាយ​ស្តី​ប្រដៅ គង់​តែ​វា​មិន​ចេះ​រាង‌ចាល​ដែរ

19. នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាំ​យក​ទៅ ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​គេ

ចោទិយ‌កថា 21