ចោទិយ‌កថា 21:15-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. បើ‌សិន​ជា​មាន​អ្នក​ណា​មាន​ប្រពន្ធ​២ មួយ​ជា​ទី​ស្រឡាញ់ ហើយ​មួយ​ស្អប់​វិញ តែ​ទាំង​២​បាន​បង្កើត​កូន​ដោយ‌សារ​អ្នក​នោះ ហើយ​កូន​ច្បង​បង្អស់​ជា​កូន​របស់​នាង​ដែល​ស្អប់

16. ដូច្នោះ​នៅ​ថ្ងៃ​ណា​ដែល​ចែក​មរដក​ដល់​កូន នោះ​មិន​ត្រូវ​ឲ្យ​លើក​កូន​របស់​នាង​ដែល​ជា​ទី​ស្រឡាញ់ ទុក​ជា​កូន​ច្បង​ជំនួស​កូន​នាង ១​ជា​ទី​ស្អប់ ដែល​ជា​កូន​ច្បង​ពិត​មែន​នោះ​ឡើយ

17. គឺ​ត្រូវ​ទទួល​រាប់​កូន​របស់​នាង​ដែល​ខ្លួន​ស្អប់​នោះ ទុក​ជា​កូន​ច្បង​ពិត ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​វា ឲ្យ​លើស​១​ជា​២ ដ្បិត​កូន​នោះ​ជា​កូន​ដំបូង​របស់​ខ្លួន អំណាច​ច្បាប់​របស់​កូន​ច្បង​ត្រូវ​បាន​ជា​របស់​ផង​វា។

18. បើ​អ្នក​ណា​មាន​កូន​ដែល​ចចេស​រឹង‌រូស មិន​ព្រម​ចុះ​ចូល​ស្តាប់​តាម​បង្គាប់​ឪពុក​ម្តាយ​សោះ ហើយ​ទោះ​បើ​ឪពុក​ម្តាយ​វាយ​ស្តី​ប្រដៅ គង់​តែ​វា​មិន​ចេះ​រាង‌ចាល​ដែរ

19. នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាំ​យក​ទៅ ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​គេ

20. រួច​ត្រូវ​ជំរាប​ដល់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​ថា កូន​យើង​ខ្ញុំ​នេះ​វា​ចចេស ហើយ​រឹង‌រូស មិន​ព្រម​ស្តាប់​បង្គាប់​យើង​ខ្ញុំ​សោះ វា​ក៏​ល្មោប​ស៊ី​ផឹក ហើយ​ស្រវឹង​ខួប​ផង

21. នោះ​ត្រូវ​ឲ្យ​បណ្តា​មនុស្ស​នៅ​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ចោល​សំឡាប់​វា​នឹង​ថ្ម​ទៅ យ៉ាង​នោះ​ឯង​រាល់​គ្នា​នឹង​បំបាត់​ការ​អាក្រក់ ពី​ពួក​ឯង​ចេញ រួច​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​បាន​ឮ ហើយ​នឹង​មាន​សេចក្ដី​កោត‌ខ្លាច​ផង។

22. បើ​មាន​អ្នក​ណា​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​គួរ​ឲ្យ​គេ​ស្លាប់ ហើយ​ឯង​សំឡាប់​ទៅ ដោយ​ព្យួរ​នៅ​លើ​ឈើ

23. នោះ​មិន​ត្រូវ​ឲ្យ​ខ្មោច​គេ ជាប់​នៅ​លើ​ឈើ រហូត​ដល់​ភ្លឺ​ឡើយ ត្រូវ​ឲ្យ​កប់​ទៅ​នៅ​ថ្ងៃ​នោះ​ឯង​ជា​កុំ​ខាន ដ្បិត​អ្នក​ណា​ដែល​ត្រូវ​ព្យួរ នោះ​ជា​អ្នក​ដែល​ត្រូវ​ព្រះ​ដាក់​បណ្តាសា​ហើយ ត្រូវ​ធ្វើ​យ៉ាង​នោះ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក ទុក​ជា​មរដក បាន​ត្រូវ​ស្មោក‌គ្រោក​ឡើយ។

ចោទិយ‌កថា 21