ចោទិយ‌កថា 21:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ‌សិន​ជា​ឃើញ​មាន​ខ្មោច​ចង្គ្រាង នៅ​ទី​វាល​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក ហើយ​គ្មាន​អ្នក​ណា​ដឹង​ជា​អ្នក​ណា​បាន​សំឡាប់​ឡើយ

2. នោះ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ និង​ពួក​ចៅ‌ក្រម​របស់​ឯង​ចេញ​ទៅ​វាស់ ចាប់​ពី​ខ្មោច​នោះ ទៅ​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ

3. រួច​ទី​ក្រុង​ណា​ដែល​ឃើញ​ថា នៅ​ជិត​ខ្មោច​នោះ​ជា​ជាង​គេ ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​យក​គោ​ស្ទាវ​១ ដែល​មិន​ទាន់​ប្រើ​ការ ឬ​ទឹម​នៅ​ឡើយ

4. ដឹក​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​មួយ​ដែល​មាន​ទឹក​ហូរ ជា​កន្លែង​មិន​ដែល​ភ្ជួរ‌រាស់ ឬ​សាប‌ព្រោះ​ឡើយ ហើយ​ត្រូវ​បំបាក់​ក​គោ​នៅ​ត្រង់​ច្រក​នោះ​ទៅ

5. រួច​ពួក​លេវី​ដ៏​ជា​សង្ឃ​ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​សំរាប់​នឹង​បំរើ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា និង​របួស​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​អ្នក​ទាំង​នោះ​កាត់​ឲ្យ​ចុះ

6. នោះ​ពួក​ចាស់‌ទុំ​គ្រប់​គ្នា​របស់​ទី​ក្រុង​ណា​មួយ​ដែល​ជិត​ខ្មោច​នោះ​ជា​ជាង​គេ ត្រូវ​លាង​ដៃ​ពី​លើ​គោ​ស្ទាវ​ដែល​បាន​បំបាក់​ក​នៅ​ក្នុង​ច្រក​នោះ

7. ហើយ​ត្រូវ​ថា ដៃ​យើង​ខ្ញុំ​រាល់​គ្នា​មិន​បាន​កំចាយ​ឈាម​នេះ​ទេ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​មិន​បាន​ឃើញ​ដែរ

8. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​លោះ​ផង សូម​កុំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស បាន​នៅ​ជាប់​កណ្តាល​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ឡើយ យ៉ាង​នោះ​ទោស​ពី​ការ​កំចាយ​ឈាម​នឹង​បាន​អត់​ឲ្យ​ហើយ

9. ដូច្នេះ​ឯង​នឹង​បាន​បំបាត់​ការ​កំចាយ​ឈាម ដែល​ឥត​មាន​ទោស ពី​ពួក​ឯង​ចេញ ដោយ​ធ្វើ​ការ​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។

10. បើ​កាល​ណា​ឯង​ចេញ​ទៅ​ច្បាំង និង​ពួក​ខ្មាំង​សត្រូវ ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង ឯង​ក៏​បាន​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ​ហើយ

11. រួច​ឃើញ​មាន​ស្រី​ណា​មាន​រូប​ស្រស់​ល្អ នៅ​ក្នុង​ពួក​ឈ្លើយ​នោះ ហើយ​ឯង​មាន​ចិត្ត​ប្រតិព័ទ្ធ ចង់​យក​ធ្វើ​ជា​ប្រពន្ធ

12. នោះ​ត្រូវ​នាំ​នាង​ទៅ​ឯ​ផ្ទះ​ឯង ឲ្យ​នាង​កោរ​សក់ ហើយ​កាត់​ក្រចក

13. ព្រម​ទាំង​ដោះ​អាវ​ដែល​ពាក់​ពី​កាល​ចាប់​បាន​នោះ​ចេញ រួច​ត្រូវ​ឲ្យ​នាង​នៅ​ក្នុង​ផ្ទះ​ឯង ដោយ​យំ​សោក​នឹង​ឪពុក​ម្តាយ​អស់​១​ខែ​គត់ ក្រោយ​នោះ​មក សឹម​ឯង​ចូល​ទៅ​ឯ​នាង យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ចុះ

14. លុះ​ក្រោយ​ទៅ បើ​មិន​ចូល​ចិត្ត​នឹង​នាង​វិញ នោះ​ត្រូវ​បើក​ឲ្យ​ទៅ​តាម​តែ​ចិត្ត មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ ដ្បិត​ឯង​បាន​បន្ទាប​នាង​ហើយ។

15. បើ‌សិន​ជា​មាន​អ្នក​ណា​មាន​ប្រពន្ធ​២ មួយ​ជា​ទី​ស្រឡាញ់ ហើយ​មួយ​ស្អប់​វិញ តែ​ទាំង​២​បាន​បង្កើត​កូន​ដោយ‌សារ​អ្នក​នោះ ហើយ​កូន​ច្បង​បង្អស់​ជា​កូន​របស់​នាង​ដែល​ស្អប់

16. ដូច្នោះ​នៅ​ថ្ងៃ​ណា​ដែល​ចែក​មរដក​ដល់​កូន នោះ​មិន​ត្រូវ​ឲ្យ​លើក​កូន​របស់​នាង​ដែល​ជា​ទី​ស្រឡាញ់ ទុក​ជា​កូន​ច្បង​ជំនួស​កូន​នាង ១​ជា​ទី​ស្អប់ ដែល​ជា​កូន​ច្បង​ពិត​មែន​នោះ​ឡើយ

ចោទិយ‌កថា 21