8. រួចត្រូវឲ្យពួកនាយកសួរទៀតថា តើមានមនុស្សណាដែលខ្លាច ហើយមានចិត្តតក់ស្លុតឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងបងប្អូនខ្លួនមានចិត្តរលាយតាមអ្នកនោះដែរ
9. កាលណាពួកនាយកបានសួរគេសព្វគ្រប់ហើយ នោះត្រូវតាំងឲ្យមានមេទ័ព សំរាប់ឲ្យត្រួតលើបណ្តាទ័ព។
10. កាលណាឯងចូលទៅជិត រៀបនឹងច្បាំងនឹងទីក្រុងណា នោះត្រូវប្រកាសប្រាប់សេចក្ដីមេត្រីដល់គេជាមុន
11. បើសិនជាពួកក្រុងនោះឆ្លើយមកថា ចង់មេត្រីនឹងឯង ហើយគេបើកឲ្យឯងចូល នោះត្រូវឲ្យមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងទីក្រុងនោះ បានចំណុះ ហើយបំរើឯង
12. តែបើគេមិនព្រមចងមេត្រីនឹងឯងទេ គឺបែរជាច្បាំងតវិញ នោះត្រូវឲ្យឯងឡោមព័ទ្ធទីក្រុងនោះចុះ
13. ហើយកាលណាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រគល់ទីក្រុងនោះមកក្នុងកណ្តាប់ដៃឯង នោះត្រូវឲ្យកាប់ពួកប្រុសៗទាំងអស់ដោយមុខដាវទៅ
14. តែឯពួកស្រីៗ និងកូនក្មេង ព្រមទាំងហ្វូងសត្វ ហើយរបស់ទាំងប៉ុន្មាននៅក្នុងក្រុងនោះដែលជារបឹបទាំងអស់ នោះត្រូវចាប់យកមកសំរាប់ឯងវិញ ហើយត្រូវបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកចុះ
15. ត្រូវឲ្យធ្វើយ៉ាងដូច្នោះ ដល់គ្រប់ទាំងទីក្រុងដែលនៅឆ្ងាយៗពីឯងដែលមិនមែនជាទីក្រុង របស់ពួកសាសន៍ទាំងនេះទេ
16. តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដក នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឲ្យនៅរស់ឡើយ
17. ត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងវិញ គឺជាសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់មក