9. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអញថា កុំឲ្យធ្វើទុក្ខសាសន៍ម៉ូអាប់ឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ ពីព្រោះអញបានឲ្យស្រុកអើរ ដល់ពួកកូនចៅឡុត ទុកជាកេរអាករហើយ
10. (ពីដើមសាសន៍អេមីមបាននៅស្រុកនោះ ជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់
11. សាសន៍នោះក៏រាប់ទុកជាមនុស្សគួរស្ញែងខ្លាច ដូចសាសន៍អ័ណាក់ដែរ តែពួកសាសន៍ម៉ូអាប់បានហៅគេជាសាសន៍អេមីមវិញ
12. សាសន៍ហូរីក៏នៅស្រុកសៀរនោះកាលពីដើម តែពួកកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបាននៅកន្លែងគេ ដូចជាសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ)
13. ឥឡូវនេះ ចូរឯងក្រោកឡើង ឆ្លងស្ទឹងសេរេតនេះចុះ នោះយើងរាល់គ្នាក៏ឆ្លងស្ទឹងសេរេតទៅ
14. ឯវេលាដែលយើងរាល់គ្នាបានដើរ ពីកាដេស-បារនា ដរាបដល់បានឆ្លងស្ទឹងសេរេត នោះអស់ចំនួន៣៨ឆ្នាំ ទាល់តែដំណមនុស្សជំនាញក្នុងចំបាំងទាំងនោះ បានសាបសូន្យពីពួកយើងទៅ ដូចជាព្រះយេហូវ៉ាទ្រង់ស្បថនឹងគេ
15. ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏បានទាស់នឹងគេដែរ ដើម្បីនឹងបំផ្លាញគេពីពួកយើងទៅ ទាល់តែរោយរៀវបាត់បង់អស់។
16. កាលពួកអ្នកថ្នឹកច្បាំងបានរោយរៀវស្លាប់បាត់ផុតពីកណ្តាលពួកបណ្តាជនទៅ
17. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា
18. នៅថ្ងៃនេះឯងនឹងដើររំលងព្រំស្រុកម៉ូអាប់តាមក្រុងអើរ
19. ដូច្នេះកាលណាមកដល់ទល់មុខនឹងពួកកូនចៅអាំម៉ូន នោះកុំឲ្យធ្វើទុក្ខគេឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកនៃពួកកូនចៅអាំម៉ូនដល់ឯងទុកជាកេរអាករទេ ដ្បិតអញបានឲ្យស្រុកនោះទុកជាកេរអាករដល់ពួកកូនចៅឡុតហើយ