3. ឯងរាល់គ្នាបានដើរជុំវិញភ្នំនេះក៏ល្មមណាស់ហើយ ដូច្នេះចូរបែរទៅខាងជើងចុះ
4. ហើយបង្គាប់ដល់ពួកបណ្តាជនថា ឯងរាល់គ្នានឹងត្រូវដើរកាត់ព្រំស្រុករបស់ពួកកូនចៅអេសាវ ជាបងប្អូននៃឯង ដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចឯង ដូច្នេះចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន
5. កុំឲ្យតនឹងគេឡើយ ដ្បិតអញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនមានដែរ ពីព្រោះអញបានឲ្យភ្នំសៀរ ទុកជាកេរអាករដល់អេសាវហើយ
6. ត្រូវឲ្យឯងទិញស្បៀងអាហារពីគេបរិភោគទៅ ក៏ត្រូវទិញទឹកពីគេផឹកដែរ
7. ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានពរដល់ឯង ក្នុងគ្រប់ការដែលដៃឯងធ្វើ ទ្រង់ក៏ស្គាល់ផ្លូវដែលឯងបានដើរក្នុងទីរហោស្ថានសំបើមនេះផង ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានគង់នៅជាមួយនឹងឯង អស់រវាង៤០ឆ្នាំនេះ ហើយឯងគ្មានខ្វះខាតអ្វីឡើយ។
8. ដូច្នេះយើងរាល់គ្នាក៏ដើរបង្ហួស ពីពួកកូនចៅអេសាវជាបងប្អូនយើង ដែលនៅស្រុកសៀរ ទៅតាមផ្លូវស្រុកវាលតាមអេឡាត និងអេស៊ាន-គេប៊ើរ រួចបែរទៅតាមផ្លូវទីរហោស្ថានម៉ូអាប់វិញ
9. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអញថា កុំឲ្យធ្វើទុក្ខសាសន៍ម៉ូអាប់ឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ ពីព្រោះអញបានឲ្យស្រុកអើរ ដល់ពួកកូនចៅឡុត ទុកជាកេរអាករហើយ
10. (ពីដើមសាសន៍អេមីមបាននៅស្រុកនោះ ជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់
11. សាសន៍នោះក៏រាប់ទុកជាមនុស្សគួរស្ញែងខ្លាច ដូចសាសន៍អ័ណាក់ដែរ តែពួកសាសន៍ម៉ូអាប់បានហៅគេជាសាសន៍អេមីមវិញ
12. សាសន៍ហូរីក៏នៅស្រុកសៀរនោះកាលពីដើម តែពួកកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបាននៅកន្លែងគេ ដូចជាសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ)
13. ឥឡូវនេះ ចូរឯងក្រោកឡើង ឆ្លងស្ទឹងសេរេតនេះចុះ នោះយើងរាល់គ្នាក៏ឆ្លងស្ទឹងសេរេតទៅ
14. ឯវេលាដែលយើងរាល់គ្នាបានដើរ ពីកាដេស-បារនា ដរាបដល់បានឆ្លងស្ទឹងសេរេត នោះអស់ចំនួន៣៨ឆ្នាំ ទាល់តែដំណមនុស្សជំនាញក្នុងចំបាំងទាំងនោះ បានសាបសូន្យពីពួកយើងទៅ ដូចជាព្រះយេហូវ៉ាទ្រង់ស្បថនឹងគេ
15. ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏បានទាស់នឹងគេដែរ ដើម្បីនឹងបំផ្លាញគេពីពួកយើងទៅ ទាល់តែរោយរៀវបាត់បង់អស់។