20. (ស្រុកនោះក៏រាប់ទុកជាស្រុករបស់ពួករេផែម ពួកគួរស្ញែងខ្លាចនោះបាននៅស្រុកនោះកាលពីដើម ឯសាសន៍អាំម៉ូនហៅគេថាជាសាសន៍សាំស៊ូមីមវិញ
21. គេជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់ដែរ តែព្រះយេហូវ៉ាទ្រង់បានបំផ្លាញគេពីមុខសាសន៍អាំម៉ូនទៅ ហើយសាសន៍អាំម៉ូនបានបណ្តេញគេចេញ ព្រមទាំងយកកន្លែងរបស់គេអាស្រ័យនៅផង
22. ដូចជាទ្រង់បានធ្វើឲ្យពួកកូនចៅអេសាវ ដែលនៅស្រុកសៀរ កាលទ្រង់បានបំផ្លាញសាសន៍ហូរីពីមុខគេចេញ ហើយគេក៏បណ្តេញសាសន៍នោះ ព្រមទាំងយកកន្លែងរបស់គេនៅ ដរាបដល់សព្វថ្ងៃនេះដែរ
23. និងសាសន៍អាវីមទៀត ដែលនៅដោយភូមិៗរហូតដល់ក្រុងកាសា នោះក៏មានសាសន៍កាប់ថោរដែលចេញពីស្រុកកាប់ថោរមក បានបំផ្លាញគេទៅ ព្រមទាំងយកស្រុករបស់គេនៅផង)
24. ចូរក្រោកឡើងធ្វើដំណើរឆ្លងស្ទឹងអើណូនទៅ មើល អញបានប្រគល់ស៊ីហុនជាសាសន៍អាម៉ូរី ស្តេចក្រុងហែសបូន និងស្រុកគេមកក្នុងកណ្តាប់ដៃឯងហើយ ចូរចាប់តាំងយកស្រុកនោះចុះ ហើយច្បាំងនឹងគេទៅ
25. នៅថ្ងៃនេះឯង អញនឹងចាប់តាំងបណ្តាលឲ្យអស់ទាំងសាសន៍ ដែលនៅក្រោមមេឃទាំងប៉ុន្មាន មានសេចក្ដីភ័យញ័រ និងសេចក្ដីកោតខ្លាចដល់ឯង ដោយគេឮនិយាយពីឯង ហើយគេនឹងញាប់ញ័រ ព្រមទាំងមានសេចក្ដីថប់បារម្ភដោយព្រោះឯង។
26. គ្រានោះ អញបានចាត់សារពីទីរហោស្ថានក្តេម៉ូតទៅឯស៊ីហុន ជាស្តេចក្រុងហែសបូន ដោយពាក្យមេត្រីថា
27. សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងដើរតាមតែថ្នល់ធំប៉ុណ្ណោះ ឥតមានងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ
28. ឯអាហារ និងទឹកសំរាប់ឲ្យយើងខ្ញុំទទួលទាន នោះត្រូវឲ្យទ្រង់លក់ឲ្យយើងខ្ញុំចុះ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុករបស់ទ្រង់ទៅ
29. ដូចជាពួកកូនចៅអេសាវដែលនៅស្រុកសៀរ និងពួកសាសន៍ម៉ូអាប់នៅស្រុកអើរ បានបើកឲ្យខ្ញុំដែរ ទាល់តែខ្ញុំឆ្លងហួសទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានប្រទានមកយើងខ្ញុំ
30. តែស៊ីហុនជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យយើងដើរកាត់ស្រុកទ្រង់ទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបណ្តាលឲ្យស្តេចមានព្រះទ័យ មានព្រះដំរិះរឹងទទឹង ដើម្បីនឹងប្រគល់មកក្នុងកណ្តាប់ដៃនៃឯង ដូចជាមានហើយសព្វថ្ងៃនេះ
31. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា មើល អញបានចាប់តាំងប្រគល់ស៊ីហុន និងស្រុកគេមកឯងហើយ ដូច្នេះ ចូរចាប់តាំងយកស្រុករបស់គេចុះ ដើម្បីឲ្យបានជាមរដក
32. នោះស៊ីហុន និងបណ្តារាស្ត្រទាំងប៉ុន្មានក៏ចេញមកទាស់នឹងយើង រួចច្បាំងគ្នានៅត្រង់យ៉ាហាស់
33. តែព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រគល់ស្តេចមកយើង ហើយយើងរាល់គ្នាក៏វាយទ្រង់ និងពួកកូនចៅទ្រង់ ព្រមទាំងរាស្ត្រទាំងអស់គ្នាទៅ
34. យើងក៏ចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ ទាំងរំលាងគ្រប់ទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី និងកូនក្មេងផងគ្មានទុកណាមួយឲ្យនៅសល់ឡើយ