2. នៅក្នុងទីក្រុងណា ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានមក បើសិនជាឃើញមានមនុស្សប្រុស ឬស្រីណា នៅជាមួយនឹងឯង ដែលប្រព្រឹត្តសេចក្ដីអ្វីអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង ដោយរំលងសេចក្ដីសញ្ញាទ្រង់
3. ទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះដទៃ ឬព្រះអាទិត្យ ព្រះចន្ទ ឬរបស់ដ៏បរិបូរណាមួយនៅលើមេឃ ដែលអញមិនបង្គាប់ឡើយ
4. រួចមានគេប្រាប់ដល់ឯង ឬឯងបានឮក្តី នោះត្រូវឲ្យឯងស៊ើបសួរយ៉ាងអស់ពីចិត្ត បើឃើញជាត្រូវពិតដូច្នោះមែនថា មានគេប្រព្រឹត្តការគួរខ្ពើមយ៉ាងនោះ នៅក្នុងសាសន៍អ៊ីស្រាអែលហើយ
5. នោះត្រូវឲ្យនាំមនុស្សប្រុស ឬស្រី ដែលបានប្រព្រឹត្តការអាក្រក់នោះ មកឯទ្វារក្រុងរបស់ឯង ហើយចោលសំឡាប់នឹងថ្មទៅ ទោះប្រុស ឬស្រីក្តី
6. ត្រូវឲ្យសំឡាប់អ្នកដែលមានទោសដល់ស្លាប់នោះ ដោយមានស្មរបន្ទាល់២ឬ៣នាក់ តែបើមានតែម្នាក់ទេ នោះមិនល្មមនឹងសំឡាប់គេឡើយ
7. ត្រូវឲ្យស្មរបន្ទាល់ទាំងនោះដាក់ដៃជាមុនគេ ដើម្បីនឹងសំឡាប់ចោល រួចសឹមឲ្យពួកបណ្តាជនគ្រប់គ្នាជាខាងក្រោយ គឺយ៉ាងដូច្នោះដែលឯងត្រូវបំបាត់សេចក្ដីអាក្រក់ពីពួកឯងចេញ។
8. បើកាលណាមានរឿងណាពីបាកពេក ដែលឯងនឹងជំនុំជំរះមិនបាន ទោះពីឈាមនឹងឈាម ពាក្យបណ្តឹងដល់គ្នាទៅវិញទៅមក ការវាយគ្នា ជារឿងដែលនាំឲ្យមានក្តីកើតឡើងនៅក្នុងទីក្រុងឯង នោះត្រូវឲ្យឯងក្រោកឡើង ទៅឯកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានរើស
9. ហើយចូលទៅសួរដល់ពួកលេវីដ៏ជាសង្ឃ និងចៅក្រមដែលនឹងមានក្នុងគ្រានោះ រួចអ្នកទាំងនោះនឹងបង្ហាញឲ្យឯងចេះកាត់សេចក្ដីហើយ
10. នោះត្រូវឲ្យឯងធ្វើតាមដែលពួកអ្នកនោះនឹងបង្ហាញមកឯង ពីកន្លែងដែលព្រះយេហូវ៉ាបានរើស ហើយត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអ្នកទាំងនោះនឹងបង្រៀនដល់ឯងចុះ