2. ត្រូវឲ្យឯងយកសត្វពីហ្វូងរបស់ឯងមក ថ្វាយជាយញ្ញបូជានៃបុណ្យរំលង ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើស សំរាប់តាំងព្រះនាមទ្រង់
3. មិនត្រូវឲ្យបរិភោគនំបុ័ងមានដំបែជាមួយទេ នៅរវាង៧ថ្ងៃនោះ ត្រូវបរិភោគនំបុ័ងឥតដំបែវិញ គឺជានំបុ័ងនៃសេចក្ដីទុក្ខលំបាក ពីព្រោះឯងបានចេញពីស្រុកអេស៊ីព្ទមក ដោយប្រញាប់ប្រញាល់ ត្រូវធ្វើដូច្នោះដើម្បីឲ្យបាននឹកចាំគ្រប់១ជីវិត ពីថ្ងៃដែលឯងបានចេញពីស្រុកអេស៊ីព្ទមក
4. មិនត្រូវឲ្យឃើញមានដំបែនៅជាមួយក្នុងព្រំស្រុកឯងទាំងអស់នៅវេលា៧ថ្ងៃនោះឡើយ ក៏មិនត្រូវឲ្យមានសាច់ ដែលឯងថ្វាយជាយញ្ញបូជា នៅពេលល្ងាចក្នុងថ្ងៃដំបូងនោះ សល់នៅដល់ព្រឹកដែរ
5. ឯងគ្មានច្បាប់នឹងថ្វាយយញ្ញបូជានៃបុណ្យរំលង នៅក្នុងទីក្រុងដទៃណា ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យឯងនោះទេ
6. គឺត្រូវឲ្យថ្វាយយញ្ញបូជានៃបុណ្យរំលង នៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់នឹងតាំងព្រះនាមទ្រង់វិញ គឺនៅទីនោះដែលត្រូវថ្វាយយញ្ញបូជា នៅពេលល្ងាចពីវេលាថ្ងៃលិចទៅ ក្នុងរដូវដដែលដែលឯងបានចេញពីស្រុកអេស៊ីព្ទមក
7. ត្រូវឲ្យចំអិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើស លុះដល់ព្រឹកឡើងឯងនឹងត្រឡប់ទៅឯត្រសាលឯងវិញបាន
8. ត្រូវឲ្យឯងបរិភោគនំបុ័ងឥតដំបែអស់៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះត្រូវប្រជុំជំនុំមុតមាំថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង មិនត្រូវធ្វើការអ្វីឲ្យសោះ។
9. រួចត្រូវរាប់ជា៧អាទិត្យទៀត គឺត្រូវរាប់៧អាទិត្យនោះ ចាប់តាំងពីវេលាដែលទើបនឹងលូកកណ្តៀវទៅច្រូតស្រូវ
10. នោះត្រូវឲ្យធ្វើបុណ្យអាទិត្យទី៧ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង ដោយថ្វាយដង្វាយស្ម័គ្រពីចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានពរ
11. ហើយឯង និងកូនប្រុសកូនស្រីឯង ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងបាវប្រុសបាវស្រីឯង និងពួកលេវីដែលនៅទីក្រុងឯង ហើយនឹងពួកអ្នកដទៃ ពួកកំព្រា និងពួកស្រីមេម៉ាយ ដែលនៅជាមួយនឹងឯងទាំងអស់គ្នាផង នៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់តាំងព្រះនាមទ្រង់