7. តែបើសិនជាមានអ្នកទ័លក្រណា នៅជាមួយនឹងឯងដែរ ជាបងប្អូនឯងដែលនៅទីក្រុងឯង ក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានមក នោះមិនត្រូវឲ្យឯងតាំងចិត្តរបឹង ឬក្តាប់ដៃនឹងបងប្អូនជាអ្នកក្រនោះឡើយ
8. គឺត្រូវឲ្យលាដៃដល់គេវិញជាកុំខាន ហើយឲ្យគេខ្ចីតាមចិត្ត ឲ្យល្មមដល់គ្រាទ័លក្រនោះចុះ
9. ចូរប្រយ័ត្ន កុំឲ្យមានគំនិតអាក្រក់ក្នុងចិត្តឯង ដោយនឹកថា ឆ្នាំទី៧ជាឆ្នាំដែលត្រូវលើកលែង នោះជិតដល់ហើយ ហើយឯងគន់មើលបងប្អូនអ្នកក្រនោះ ដោយព្រងើយកន្តើយវិញ ឥតមានឲ្យអ្វីដល់គេសោះ ក្រែងគេប្តឹងដល់ព្រះយេហូវ៉ាពីឯង នោះនឹងបានរាប់ជាបាបដល់ឯង
10. ត្រូវឲ្យឯងចែកដល់គេជាកុំខាន ដោយមានចិត្តឥតស្តាយផង ដ្បិតបើប្រព្រឹត្តយ៉ាងដូច្នោះ នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯងក្នុងគ្រប់ទាំងការរបស់ឯង ហើយក្នុងអស់ទាំងការអ្វី ដែលឯងដាក់ដៃធ្វើផង
11. ពីព្រោះពួកទាល់ក្រមិនចេះដែលផុតពីក្នុងស្រុកឡើយ ហេតុនេះបានជាអញបង្គាប់ដល់ឯងថា ត្រូវឲ្យឯងលាដៃដល់បងប្អូន និងពួកអ្នកទាល់ក្រ ហើយនឹងពួកកំសត់ទុរគត នៅក្នុងស្រុកឯងជាកុំខានវិញ។
12. បើបងប្អូនប្រុស ឬស្រីរបស់ឯង ដែលជាសាសន៍ហេព្រើរ គេលក់ខ្លួនមកឯង ក៏បាននៅបំរើឯងអស់៦ឆ្នាំហើយ នោះដល់ឆ្នាំទី៧ ត្រូវឲ្យលែងគេចេញឲ្យរួចទៅទទេ
13. ហើយកាលណាលែងឲ្យទៅ នោះមិនត្រូវឲ្យគេទៅដោយដៃទទេឡើយ
14. គឺត្រូវផ្គត់ផ្គង់ឲ្យគេពីហ្វូងចៀម ពីទីលាន ហើយពីធុងឃ្នាបរបស់ឯងដោយសទ្ធាវិញ ត្រូវឲ្យដល់គេតាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានពរដល់ឯង
15. ត្រូវឲ្យឯងនឹកចាំថា ពីដើមឯងក៏ជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានលោះឯងមក ហេតុនោះហើយ បានជាអញបង្គាប់ដល់ឯងដូច្នេះនៅថ្ងៃនេះ
16. ប៉ុន្តែបើសិនជាគេនិយាយនឹងឯងថា ខ្ញុំមិនព្រមចេញពីអ្នកទៅទេ គឺដោយគេស្រឡាញ់ឯង និងផ្ទះឯង ហើយដោយព្រោះគេនៅជាស្រួលនឹងឯងផង
17. នោះត្រូវឲ្យយកដែកចោះមក ចោះត្រចៀកគេផ្ទាប់នៅទ្វារ រួចគេនឹងធ្វើជាបាវបំរើឯងជាដរាបតទៅ ហើយត្រូវឲ្យឯងធ្វើដូច្នោះនឹងបាវស្រីឯងដែរ
18. មិនត្រូវឲ្យមានចិត្តពិបាក ដោយលែងឲ្យគេទៅទទេឡើយ ដ្បិតគេបាននៅបំរើឯងអស់៦ឆ្នាំហើយ ជាការបំរើលើសជាងការរបស់ជើងឈ្នួល១ជា២ផង ដូច្នេះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង ក្នុងគ្រប់ការដែលឯងធ្វើដែរ។
19. ក្នុងហ្វូងគោហ្វូងចៀមរបស់ឯង នោះត្រូវញែកអស់ទាំងកូនឈ្មោល ដែលកើតជាដំបូងចេញ ទុកជាបរិសុទ្ធ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង មិនត្រូវយកកូនដែលកើតជាដំបូងពីមេគោឯង ទៅប្រើធ្វើការអ្វី ឬកាត់រោមរបស់កូនដែលកើតជាដំបូង ពីមេចៀមឯងនោះឡើយ
20. រាល់តែឆ្នាំ ត្រូវឲ្យឯង និងពួកផ្ទះឯងបរិភោគសត្វនោះនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងរើស
21. បើសត្វនោះមានស្លាកស្នាមអ្វី គឺបើខ្ញើច ឬខ្វាក់ ឬមានខ្ចោះអាក្រក់ត្រង់ណាក្តី នោះមិនត្រូវឲ្យឯងថ្វាយជាយញ្ញបូជា ដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ
22. ឯងនឹងបរិភោគសត្វនោះនៅក្នុងទីក្រុងឯងបានទោះទាំងអ្នកស្អាត និងអ្នកដែលមិនស្អាតផង ដូចជាបរិភោគឈ្លូស ហើយនឹងប្រើសដែរ