1. ឯងរាល់គ្នាជាកូនផងព្រះយេហូវ៉ា ជាព្រះនៃឯង មិនត្រូវឲ្យឯងអារសាច់ ឬកោរចិញ្ចើម ដោយព្រោះខ្មោចស្លាប់ឡើយ
2. ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយព្រះយេហូវ៉ាទ្រង់បានរើសឯងពីអស់ទាំងសាសន៍ដែលនៅផែនដី ទុកជាសាសន៍របស់ផងទ្រង់។
3. មិនត្រូវឲ្យឯងបរិភោគរបស់អ្វី ដែលគួរខ្ពើមឡើយ
4. នេះជាសត្វទាំងប៉ុន្មានដែលបរិភោគបាន គឺគោ ចៀម ពពែ
5. ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយពពែភ្នំ
6. ហើយគ្រប់ទាំងសត្វដែលមានក្រចកឆែក គឺក្រចកឆែកដាច់ជា២ ហើយដែលទំពាអៀងផង ក្នុងអស់ទាំងពួកសត្វនោះនឹងបរិភោគបាន
7. ប៉ុន្តែក្នុងបណ្តាសត្វដែលទំពាអៀង ឬដែលមានក្រចកឆែកនោះ មិនត្រូវឲ្យបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋ ទន្សាយគល់ ទន្សាយថ្ម ពីព្រោះសត្វទាំងនោះទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា
8. ហើយជ្រូកដែរ ពីព្រោះមានក្រចកឆែក តែមិនទំពាអៀងទេ នោះមិនស្អាតដល់ឯងរាល់គ្នា មិនត្រូវឲ្យបរិភោគសាច់វាឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង។
9. ឯបណ្តាសត្វទាំងប៉ុន្មានដែលនៅក្នុងទឹក នោះឯងនឹងបរិភោគសត្វទាំងនេះបាន គឺសត្វណាដែលមានព្រុយហើយមានស្រកាផង
10. តែមិនត្រូវឲ្យបរិភោគសត្វណាដែលគ្មានព្រុយ និងស្រកាទេ ដ្បិតជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា។
11. ឯបណ្តាសត្វហើរដែលស្អាត នោះឯងរាល់គ្នានឹងបរិភោគបានគ្រប់យ៉ាង
12. តែសត្វហើរទាំងនេះ នោះមិនត្រូវបរិភោគឡើយ គឺខ្លែង ស្ទាំង ប្រមង់