5. ឯហោរា ឬអ្នកយល់សប្តិនោះត្រូវតែសំឡាប់ចោលទៅ ពីព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងលោះឲ្យរួចពីផ្ទះពួកបាវបំរើផង អ្នកនោះចង់តែទាញឲ្យឯងរាល់គ្នាបែរចេញ ពីផ្លូវដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់ឲ្យដើរតាមនោះទេ យ៉ាងនោះឯងនឹងបានបំបាត់សេចក្ដីអាក្រក់ចេញពីពួកឯងទៅ។
6. បើសិនជាបង ឬប្អូនពោះ១នឹងឯង ឬកូនប្រុសកូនស្រីឯង ឬប្រពន្ធ ជាដួងជីវិតរបស់ឯង ឬសំឡាញ់ថ្លើម១នឹងឯង បានបបួលដោយសំងាត់ថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដ៏ទៃវិញ ជាព្រះដែលឯង ឬពួកអយ្យកោឯងមិនដែលបានស្គាល់សោះ
7. គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯង ទោះជិត ឬឆ្ងាយពីឯងក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង
8. នោះមិនត្រូវព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែកឯងអាណិត ឬប្រណី ឬបំពួនទុកដែរ
9. ត្រូវតែឯងសំឡាប់វិញកុំខាន ត្រូវឲ្យឯងដាក់ដៃលើអ្នកនោះជាមុនគេ រួចសឹមបណ្តាជនទាំងអស់គ្នាជាខាងក្រោយ ដើម្បីនឹងសំឡាប់អ្នកនោះចោល
10. ត្រូវឲ្យចោលសំឡាប់នឹងថ្ម ដ្បិតជាអ្នករកទាញឲ្យឯងបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក
11. ដូច្នេះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចកើតមានសេចក្ដីភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់យ៉ាងនោះនៅក្នុងពួកឯងតទៅ។
12. បើសិនជាឯងឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានឲ្យឯងនៅ ថា
13. មានមនុស្សទមិលល្មើសខ្លះ បានចេញពីពួកឯង ទៅនាំប្រទាញពួកអ្នកក្រុងនោះ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯងរាល់គ្នាមិនបានស្គាល់សោះ
14. នោះត្រូវស៊ើបសួររកឲ្យអស់ពីចិត្ត បើពិតដូច្នោះមែន ការនោះត្រូវដូចជាបានឮហើយ ថាមានគេបានប្រព្រឹត្តការគួរខ្ពើមនោះ នៅក្នុងពួកឯងជាពិត
15. នោះត្រូវឲ្យកាប់ពួកមនុស្សនៅក្រុងនោះ ដោយមុខដាវជាកុំខាន ទាំងបំផ្លាញគេឲ្យអស់រលីងចេញ ព្រមទាំងរបស់នៅក្នុងទីក្រុងនោះ និងហ្វូងសត្វផង ដោយមុខដាវ