20. កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានវាតព្រំស្រុកឯងឲ្យធំឡើង ដូចជាទ្រង់បានសន្យា ហើយឯងនឹកក្នុងចិត្ត ដោយមានសេចក្ដីប្រាថ្នាចង់បរិភោគសាច់ថា អញចង់ស៊ីសាច់ណាស់ នោះនឹងបរិភោគបានតាមបំណងចិត្ត
21. បើសិនជាកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់រើសសំរាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសំឡាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ
22. ឯងមានច្បាប់នឹងបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគឈ្លូស និងប្រើសផង ទោះទាំងអ្នកមិនស្អាត និងអ្នកស្អាតក្តី ក៏នឹងបរិភោគបានដូចគ្នា
23. ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយមិនត្រូវឲ្យបរិភោគជីវិតជាមួយនឹងសាច់ឡើយ
24. មិនត្រូវឲ្យបរិភោគឈាមឲ្យសោះ ត្រូវចាក់ចោលទៅដីដូចជាទឹកវិញ
25. គឺមិនត្រូវឲ្យឯងបរិភោគ ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ដោយឯងប្រព្រឹត្តតាមសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា
26. ឯអស់ទាំងដង្វាយបរិសុទ្ធ ដែលនៅជាមួយនឹងឯង និងដង្វាយលាបំណន់របស់ឯង នោះត្រូវនាំយកទៅថ្វាយ នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើសវិញ
27. ហើយអស់ទាំងដង្វាយដុតរបស់ឯង ព្រមទាំងសាច់ និងឈាមផង នោះត្រូវថ្វាយលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឈាមនៃយញ្ញបូជារបស់ឯង នោះត្រូវចាក់ទៅលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង តែឯសាច់ នោះបរិភោគបាន
28. ចូរប្រយ័ត្ននឹងស្តាប់តាមគ្រប់ទាំងសេចក្ដីនេះ ដែលអញបង្គាប់ដល់ឯង ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតទៅជាដរាប ដោយបានប្រព្រឹត្តសេចក្ដីដែលល្អហើយទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង។
29. កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានកាត់បណ្តាច់អស់ទាំងសាសន៍ ពីមុខឯងចេញ នៅក្នុងស្រុកដែលឯងចូលទៅចាប់យកពីគេ ហើយឯងបានបណ្តេញគេអស់ទៅ ព្រមទាំងអាស្រ័យនៅក្នុងស្រុករបស់គេផង
30. នោះចូរប្រយ័ត្នក្រែងត្រូវជាប់អន្ទាក់ និងបណ្តោយតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខឯងចេញហើយ ឬក្រែងឯងស៊ើបសួរតាមព្រះគេ ដោយពាក្យថា សាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះគេជាយ៉ាងដូចម្តេច អញចង់ធ្វើដូចជាគេដែរ
31. មិនត្រូវឲ្យធ្វើយ៉ាងដូច្នោះដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាទ្រង់ស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើងថ្វាយដល់ព្រះគេផង
32. អស់ទាំងសេចក្ដីណាដែលអញបង្គាប់ដល់ឯងរាល់គ្នា នោះត្រូវប្រយ័ត្ន និងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែមបញ្ចូលអ្វី ឬកាត់ចោលអ្វីឡើយ។