13. ចូរប្រយ័ត្ន កុំឲ្យថ្វាយដង្វាយដុតរបស់ឯងនៅអស់ទាំងទីកន្លែងណា ដែលឯងប្រទះឃើញនោះឡើយ
14. គឺត្រូវថ្វាយដង្វាយដុតរបស់ឯង នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើស ក្នុងពូជអំបូរឯងណាមួយវិញ ហើយនៅទីនោះ ឯងត្រូវធ្វើតាមគ្រប់ទាំងសេចក្ដី ដែលអញបង្គាប់មក។
15. ប៉ុន្តែឯងមានច្បាប់នឹងសំឡាប់ ហើយបរិភោគសាច់ នៅគ្រប់ទីក្រុងរបស់ឯងបាន តាមបំណងចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានពរឲ្យ ទោះទាំងអ្នកដែលមិនស្អាត និងអ្នកដែលស្អាត ក៏បរិភោគបានទាំងអស់ ដូចជាបរិភោគសាច់ឈ្លូស និងប្រើសដែរ
16. ប៉ុន្តែមិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដីដូចជាទឹកវិញ
17. តែនៅក្នុងទីលំនៅរបស់ឯង នោះមិនត្រូវបរិភោគដង្វាយ១ភាគក្នុង១០ ដែលហូតពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង និងកូនគោកូនចៀមក្នុងហ្វូងសត្វរបស់ឯងដែលកើតដំបូង ដង្វាយលាបំណន់ ដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត ឬដង្វាយដែលថ្វាយដោយលើកចុះឡើងនោះឡើយ
18. ឯដង្វាយទាំងនោះត្រូវឲ្យឯងបរិភោគ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសវិញ ព្រមទាំងកូនប្រុសកូនស្រី និងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅទីក្រុងឯងផង ហើយត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ដោយព្រោះគ្រប់ទាំងរបស់អ្វី ដែលឯងលូកដៃទៅចាប់យកបាន
19. ចូរប្រយ័ត្នកុំឲ្យលះចោលពួកលេវីឡើយ រហូតដល់គ្រប់១ជីវិត ដែលឯងរស់នៅក្នុងស្រុកឯង។
20. កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានវាតព្រំស្រុកឯងឲ្យធំឡើង ដូចជាទ្រង់បានសន្យា ហើយឯងនឹកក្នុងចិត្ត ដោយមានសេចក្ដីប្រាថ្នាចង់បរិភោគសាច់ថា អញចង់ស៊ីសាច់ណាស់ នោះនឹងបរិភោគបានតាមបំណងចិត្ត
21. បើសិនជាកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់រើសសំរាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសំឡាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ
22. ឯងមានច្បាប់នឹងបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគឈ្លូស និងប្រើសផង ទោះទាំងអ្នកមិនស្អាត និងអ្នកស្អាតក្តី ក៏នឹងបរិភោគបានដូចគ្នា
23. ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយមិនត្រូវឲ្យបរិភោគជីវិតជាមួយនឹងសាច់ឡើយ
24. មិនត្រូវឲ្យបរិភោគឈាមឲ្យសោះ ត្រូវចាក់ចោលទៅដីដូចជាទឹកវិញ
25. គឺមិនត្រូវឲ្យឯងបរិភោគ ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ដោយឯងប្រព្រឹត្តតាមសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា
26. ឯអស់ទាំងដង្វាយបរិសុទ្ធ ដែលនៅជាមួយនឹងឯង និងដង្វាយលាបំណន់របស់ឯង នោះត្រូវនាំយកទៅថ្វាយ នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើសវិញ
27. ហើយអស់ទាំងដង្វាយដុតរបស់ឯង ព្រមទាំងសាច់ និងឈាមផង នោះត្រូវថ្វាយលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឈាមនៃយញ្ញបូជារបស់ឯង នោះត្រូវចាក់ទៅលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង តែឯសាច់ នោះបរិភោគបាន
28. ចូរប្រយ័ត្ននឹងស្តាប់តាមគ្រប់ទាំងសេចក្ដីនេះ ដែលអញបង្គាប់ដល់ឯង ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតទៅជាដរាប ដោយបានប្រព្រឹត្តសេចក្ដីដែលល្អហើយទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង។
29. កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានកាត់បណ្តាច់អស់ទាំងសាសន៍ ពីមុខឯងចេញ នៅក្នុងស្រុកដែលឯងចូលទៅចាប់យកពីគេ ហើយឯងបានបណ្តេញគេអស់ទៅ ព្រមទាំងអាស្រ័យនៅក្នុងស្រុករបស់គេផង
30. នោះចូរប្រយ័ត្នក្រែងត្រូវជាប់អន្ទាក់ និងបណ្តោយតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខឯងចេញហើយ ឬក្រែងឯងស៊ើបសួរតាមព្រះគេ ដោយពាក្យថា សាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះគេជាយ៉ាងដូចម្តេច អញចង់ធ្វើដូចជាគេដែរ