1. នេះជាច្បាប់ និងជាបញ្ញត្តទាំងប៉ុន្មាន ដែលឯងរាល់គ្នាត្រូវប្រយ័ត្ន និងប្រព្រឹត្តតាម នៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯង បានប្រទានឲ្យទទួលយក រហូតដល់គ្រប់១ជីវិតដែលឯងរាល់គ្នារស់នៅលើផែនដី
2. គឺត្រូវឲ្យបំផ្លាញគ្រប់ទីកន្លែងរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលឯងនឹងបណ្តេញចេញនោះ ជាកុំខាន គឺជាកន្លែងដែលគេបានគោរពប្រតិបត្តិដល់ព្រះគេ នៅលើភ្នំធំតូច ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង
3. ត្រូវរំលំអាសនាគេ ព្រមទាំងបំបាក់បំបែកបង្គោលដែលសំរាប់គោរព និងដុតអ្នកតារបស់គេ ក៏ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយរំលាយឈ្មោះព្រះទាំងនោះពីទីនោះចេញផង
4. តែមិនត្រូវធ្វើដូច្នោះដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ
5. គឺត្រូវឲ្យឯងសួររកទីលំនៅនៃព្រះយេហូវ៉ា ជាព្រះនៃឯង នៅកន្លែងណា ដែលទ្រង់សព្វព្រះហឫទ័យនឹងរើស ក្នុងពូជអំបូរឯងទាំងប៉ុន្មាន សំរាប់ជាកន្លែងដាក់ព្រះនាមទ្រង់ ហើយត្រូវឲ្យទៅឯទីនោះវិញ
6. ក៏ត្រូវនាំយកអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ដង្វាយលើកចុះឡើង ដង្វាយលាបំណន់ ដង្វាយស្ម័គ្រពីចិត្ត និងកូនកើតដំបូងក្នុងហ្វូងគោ ហ្វូងចៀមឯង ទៅឯទីនោះដែរ