17. រួចសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាឆួលឡើងទាស់នឹងឯង ហើយទ្រង់បិទផ្ទៃមេឃ មិនឲ្យមានភ្លៀង ឲ្យដីលែងបង្កើតផល នោះឯងរាល់គ្នានឹងត្រូវវិនាសបាត់ចេញ យ៉ាងឆាប់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាប្រទានមកឯង។
18. ដូច្នេះ ត្រូវឲ្យរក្សាអស់ទាំងពាក្យអញទាំងនេះទុកនៅក្នុងចិត្ត ក្នុងព្រលឹងឯងចុះ ហើយត្រូវឲ្យចងពាក្យទាំងនេះភ្ជាប់នៅដៃឯងទុកជាទីសំគាល់ និងសំរាប់ជាស្លាកនៅកណ្តាលថ្ងាសឯង
19. ត្រូវឲ្យបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅឯង ដោយនិយាយប្រាប់ក្នុងកាលដែលឯងអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង
20. ត្រូវឲ្យកត់ពាក្យទាំងនេះនៅក្របទ្វារផ្ទះ ហើយនៅទ្វារកំផែងឯងដែរ
21. ដើម្បីអាយុឯង និងអាយុកូនចៅឯង បានចំរើនវែងឡើង ដូចជាអស់ទាំងថ្ងៃនៃស្ថានសួគ៌នៅលើផែនដី នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថថានឹងឲ្យដល់ពួកអយ្យកោឯង
22. ដ្បិតបើឯងរាល់គ្នានឹងកាន់តាមបញ្ញត្ត ដែលអញបង្គាប់ឯងនេះគ្រប់ជំពូកអស់ពីចិត្ត ព្រមទាំងប្រព្រឹត្តតាមផង ដោយស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវទ្រង់ ហើយនៅជាប់នឹងទ្រង់
23. នោះព្រះយេហូវ៉ាទ្រង់នឹងបណ្តេញអស់ទាំងសាសន៍ទាំងនេះ ពីមុខឯងចេញ ហើយឯងនឹងបានចាប់យកស្រុក របស់សាសន៍ទាំងប៉ុន្មានដែលធំ ហើយខ្លាំងពូកែជាងឯង
24. គ្រប់ទីកន្លែងណាដែលជើងឯងរាល់គ្នានឹងជាន់លើ នោះនឹងបានជារបស់ផងឯងហើយ ឯព្រំស្រុកឯង នោះនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន ហើយពីទន្លេ គឺជាទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច
25. គ្មានមនុស្សណាមួយនឹងអាចឈរនៅមុខឯងរាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលស្រុកទាំងមូលដែលឯងរាល់គ្នាទៅជាន់នោះ ឲ្យមានសេចក្ដីភ័យញ័រ ហើយឲ្យស្ញែងខ្លាចចំពោះឯងរាល់គ្នា ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯងហើយ។
26. មើល នៅថ្ងៃនេះ អញដាក់ព្រះពរ ហើយនឹងសេចក្ដីបណ្តាសា សំញែងនៅមុខឯងរាល់គ្នា
27. បើឯងស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះនឹងបានពរ
28. តែបើមិនស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងទេ គឺបែរចេញពីផ្លូវដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ទៅតាមព្រះដទៃដែលពីដើមមិនបានស្គាល់វិញ នោះឯងនឹងត្រូវបណ្តាសាហើយ។
29. កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុកដែលឯងត្រូវទៅចាប់យក នោះត្រូវឲ្យប្រកាសប្រាប់ព្រះពរពីលើភ្នំកេរិស៊ីម និងសេចក្ដីបណ្តាសាពីលើភ្នំអេបាល
30. (ភ្នំទាំង២នោះនៅត្រើយទន្លេយ័រដាន់ខាងនាយ គឺទិសខាងថ្ងៃលិច នាស្រុករបស់ពួកសាសន៍កាណាន ត្រង់ស្រុកវាល ទល់មុខនឹងគីលកាល ជិតដើមម៉ៃសាក់របស់ម៉ូរេ)
31. ដ្បិតឯងរាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានប្រទានមក ឯងរាល់គ្នានឹងយកទុកជារបស់ផងឯង ហើយនឹងនៅក្នុងស្រុកនោះផង