8. នៅគ្រានោះព្រះយេហូវ៉ាបានញែកពូជអំបូរលេវីចេញ ទុកសំរាប់នឹងសែងហឹបនៃសេចក្ដីសញ្ញាផងទ្រង់ ហើយឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមទ្រង់ ដរាបដល់សព្វថ្ងៃនេះ
9. ដោយហេតុនោះបានជាពួកលេវីគ្មានចំណែក គ្មានមរដកជាមួយនឹងពួកបងប្អូនគេទេ គឺព្រះយេហូវ៉ាទ្រង់ជាមរដករបស់គេវិញ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានមានព្រះបន្ទូលហើយ។
10. នោះអញក៏បាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ ដូចជាកាលមុនដំបូង ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមអញនៅជាន់នោះដែរ គឺទ្រង់មិនសព្វព្រះហឫទ័យនឹងបំផ្លាញឯងទេ
11. ទ្រង់មានព្រះបន្ទូលមកអញថា ចូរក្រោកឡើងដើរនាំមុខបណ្តាជនចុះ ឲ្យគេបានចូលទៅ ចាប់យកស្រុកដែលអញបានស្បថនឹងពួកអយ្យកោ ថានឹងឲ្យដល់គេ។
12. ឥឡូវនេះ ឱអ៊ីស្រាអែលអើយ សេចក្ដីដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ទារចង់បានពីឯង នោះគឺឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង និងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យស្រឡាញ់ទ្រង់ព្រមទាំងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯងផង
13. ហើយឲ្យបានកាន់តាមសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ា និងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ឯងនៅថ្ងៃនេះ សំរាប់ជាសេចក្ដីល្អដល់ឯង
14. មើល ផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើ និងផែនដី ព្រមទាំងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះ សុទ្ធតែជារបស់ផងព្រះយេហូវ៉ា ជាព្រះនៃឯង
15. ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់បានសព្វព្រះហឫទ័យនឹងស្រឡាញ់ដល់ពួកអយ្យកោឯង ហើយទ្រង់បានរើសពូជគេតរៀងមក គឺឯងរាល់គ្នា ដែលទ្រង់រាប់អានលើសជាងអស់ទាំងសាសន៍ ដូចជាមានសព្វថ្ងៃនេះ
16. ដូច្នេះចូរឯងរាល់គ្នាកាត់ស្បែកចិត្តចេញ ហើយកុំឲ្យនៅក្បាលរឹងទៀតឡើយ
17. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ក៏មិនទទួលសំណូកផង