34. ព្រះយេហូវ៉ា ទ្រង់ឮសូរសំឡេង នៃសេចក្ដីដែលឯងរាល់គ្នាថានោះ រួចទ្រង់ក៏មានសេចក្ដីក្រោធ ហើយស្បថថា
35. ក្នុងពួកមនុស្សដំណអាក្រក់នេះ នឹងគ្មានអ្នកណាមួយឃើញស្រុកល្អ ដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោឯងឡើយ
36. ឃើញបានតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ ហើយអញនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះ ដល់គាត់ និងពួកកូនចៅគាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក
37. ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញដែរ ដោយព្រោះឯងរាល់គ្នា ទ្រង់មានព្រះបន្ទូលថា ក៏មិនត្រូវឲ្យឯងចូលទៅក្នុងស្រុកនោះដែរ
38. ឯយ៉ូស្វេជាកូននុន ដែលឈរនៅមុខឯង នោះនឹងចូលទៅវិញដូច្នេះ ចូរកំឡាចិត្តគាត់ឡើង ដ្បិតគាត់នឹងធ្វើឲ្យសាសន៍អ៊ីស្រាអែលបានស្រុកនោះជាមរដក
39. ហើយកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា នឹងទៅជារំពាគេ ព្រមទាំងកូនចៅឯងរាល់គ្នា ដែលសព្វថ្ងៃនេះមិនទាន់ដឹងខុសត្រូវនៅឡើយ នោះនឹងបានចូលទៅវិញ អញនឹងឲ្យស្រុកនោះដល់គេ ហើយគេនឹងបានស្រុកនោះ ជាកេរអាករ
40. តែឥឡូវនេះ ចូរឲ្យឯងរាល់គ្នាធ្វើដំណើរត្រឡប់ទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញទៅ។
41. នោះឯងរាល់គ្នាបានឆ្លើយមកអញថា យើងខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដូច្នេះយើងនឹងឡើងទៅច្បាំង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា ជាព្រះនៃយើងបានបង្គាប់មក រួចឯងរាល់គ្នាបានក្រវាត់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា រៀបចំនឹងឡើងទៅឯស្រុកភ្នំនោះដោយក្លៀវក្លា
42. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា ចូរហាមកុំឲ្យគេឡើងទៅច្បាំងឡើយ ដ្បិតអញមិននៅជាមួយនឹងឯងរាល់គ្នាទេ ក្រែងឯងត្រូវពួកខ្មាំងសត្រូវវាយឈ្នះ
43. ដូច្នេះអញក៏ប្រាប់ដល់ឯងរាល់គ្នា តែឯងមិនបានស្តាប់តាមសោះ គឺបានទាស់ទទឹងនឹងបង្គាប់នៃព្រះយេហូវ៉ាវិញ ក៏ឡើងទៅក្នុងស្រុកភ្នំនោះ ដោយមានចិត្តអួតអាង
44. រួចសាសន៍អាម៉ូរីដែលនៅភ្នំនោះ ក៏ចេញមកទាស់នឹងឯង ដេញតាមឯងដូចជាឃ្មុំ ព្រមទាំងវាយផ្តួលនៅត្រង់ស្រុកសៀរ រហូតទៅដល់ភ្នំហោម៉ា
45. នោះឯងរាល់គ្នាបានត្រឡប់មកយំ នៅចំពោះព្រះយេហូវ៉ាវិញ តែព្រះយេហូវ៉ាទ្រង់មិនបានស្តាប់សំឡេងឯងទេ ក៏មិនបានផ្ទៀងព្រះកាណ៌ទ្រង់មកផង
46. ដូច្នេះឯងរាល់គ្នាបានអាស្រ័យនៅត្រង់កាដេសជាយូរថ្ងៃ តាមចំនួនថ្ងៃដែលត្រូវនៅទីនោះ។