ចោទិយ‌កថា 1:31-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ហើយ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ផង នោះ​ឯង​រាល់​គ្នា​ក៏​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បី​ទ្រ​ឯង តាម​ផ្លូវ​ដែល​ឯង​បាន​ដើរ រហូត​មក​ដល់​ទី​នេះ ដូច​ជា​មនុស្ស​បី​កូន​របស់​ខ្លួន

32. តែ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​នៅ​តែ​មិន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទៀត

33. ដែល​ទ្រង់​បាន​នាំ​មុខ​ឯង​តាម​ផ្លូវ​ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​ឯង​ដំឡើង​ត្រសាល គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ សំរាប់​បង្ហាញ​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ ហើយ​ដោយ​ពពក​នៅ​ពេល​ថ្ងៃ​ដែរ។

34. ព្រះ‌យេហូវ៉ា ទ្រង់​ឮ​សូរ​សំឡេង នៃ​សេចក្ដី​ដែល​ឯង​រាល់​គ្នា​ថា​នោះ រួច​ទ្រង់​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​ស្បថ​ថា

35. ក្នុង​ពួក​មនុស្ស​ដំណ​អាក្រក់​នេះ នឹង​គ្មាន​អ្នក​ណា​មួយ​ឃើញ​ស្រុក​ល្អ ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​ឡើយ

36. ឃើញ​បាន​តែ​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ ហើយ​អញ​នឹង​ឲ្យ​ស្រុក​ដែល​គាត់​បាន​ដើរ​ជាន់​នោះ ដល់​គាត់ និង​ពួក​កូន​ចៅ​គាត់ ដ្បិត​គាត់​បាន​ប្រព្រឹត្ត​តាម​ព្រះ‌យេហូវ៉ា​គ្រប់​ជំពូក

37. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ

38. ឯ​យ៉ូស្វេ​ជា​កូន​នុន ដែល​ឈរ​នៅ​មុខ​ឯង នោះ​នឹង​ចូល​ទៅ​វិញ​ដូច្នេះ ចូរ​កំឡា​ចិត្ត​គាត់​ឡើង ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្រុក​នោះ​ជា​មរដក

39. ហើយ​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា នឹង​ទៅ​ជា​រំពា​គេ ព្រម​ទាំង​កូន​ចៅ​ឯង​រាល់​គ្នា ដែល​សព្វ​ថ្ងៃ​នេះ​មិន​ទាន់​ដឹង​ខុស​ត្រូវ​នៅ​ឡើយ នោះ​នឹង​បាន​ចូល​ទៅ​វិញ អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ ជា​កេរ‌អាករ

40. តែ​ឥឡូវ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ​ទៅ។

41. នោះ​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ​យើង​នឹង​ឡើង​ទៅ​ច្បាំង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រួច​ឯង​រាល់​គ្នា​បាន​ក្រវាត់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា រៀប‌ចំ​នឹង​ឡើង​ទៅ​ឯ​ស្រុក​ភ្នំ​នោះ​ដោយ​ក្លៀវ‌ក្លា

42. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ហាម​កុំ​ឲ្យ​គេ​ឡើង​ទៅ​ច្បាំង​ឡើយ ដ្បិត​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​ត្រូវ​ពួក​ខ្មាំង​សត្រូវ​វាយ​ឈ្នះ

43. ដូច្នេះ​អញ​ក៏​ប្រាប់​ដល់​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​វិញ ក៏​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ ដោយ​មាន​ចិត្ត​អួត‌អាង

44. រួច​សាសន៍​អាម៉ូរី​ដែល​នៅ​ភ្នំ​នោះ ក៏​ចេញ​មក​ទាស់​នឹង​ឯង ដេញ​តាម​ឯង​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​នៅ​ត្រង់​ស្រុក​សៀរ រហូត​ទៅ​ដល់​ភ្នំ​ហោម៉ា

45. នោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​មក​យំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ស្តាប់​សំឡេង​ឯង​ទេ ក៏​មិន​បាន​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ផង

46. ដូច្នេះ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ត្រង់​កាដេស​ជា​យូរ​ថ្ងៃ តាម​ចំនួន​ថ្ងៃ​ដែល​ត្រូវ​នៅ​ទី​នោះ។

ចោទិយ‌កថា 1