30. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលទ្រង់យាងនាំមុខឯង ទ្រង់នឹងច្បាំងជំនួសឯង តាមគ្រប់ទាំងការដែលទ្រង់បានប្រោសដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងបានឃើញជាក់
31. ហើយនៅក្នុងទីរហោស្ថានផង នោះឯងរាល់គ្នាក៏បានឃើញថា ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបីទ្រឯង តាមផ្លូវដែលឯងបានដើរ រហូតមកដល់ទីនេះ ដូចជាមនុស្សបីកូនរបស់ខ្លួន
32. តែទោះបើយ៉ាងនោះក៏ដោយ គង់តែឯងនៅតែមិនទុកចិត្តនឹងព្រះយេហូវ៉ាជាព្រះនៃឯងទៀត
33. ដែលទ្រង់បាននាំមុខឯងតាមផ្លូវដើម្បីនឹងរកទីកន្លែងឲ្យឯងដំឡើងត្រសាល គឺដោយភ្លើងនៅពេលយប់ សំរាប់បង្ហាញផ្លូវដែលឯងត្រូវដើរ ហើយដោយពពកនៅពេលថ្ងៃដែរ។
34. ព្រះយេហូវ៉ា ទ្រង់ឮសូរសំឡេង នៃសេចក្ដីដែលឯងរាល់គ្នាថានោះ រួចទ្រង់ក៏មានសេចក្ដីក្រោធ ហើយស្បថថា
35. ក្នុងពួកមនុស្សដំណអាក្រក់នេះ នឹងគ្មានអ្នកណាមួយឃើញស្រុកល្អ ដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោឯងឡើយ
36. ឃើញបានតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ ហើយអញនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះ ដល់គាត់ និងពួកកូនចៅគាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក