23. សេចក្ដីនោះក៏បានគាប់ចិត្តអញណាស់ដែរ ដូច្នេះអញបានរើសយកមនុស្ស១២នាក់ក្នុងពួកឯងរាល់គ្នា គឺម្នាក់ៗពីពូជអំបូរមួយៗ
24. អ្នកទាំងនោះក៏ចេញទៅ ហើយគេឡើងទៅក្នុងស្រុកភ្នំ រហូតដល់ជ្រោះអែសកុល ទាំងសង្កេតមើល
25. គេក៏នាំយកផលផ្លែពីស្រុកនោះ កាន់នៅដៃត្រឡប់មកវិញ ព្រមទាំងប្រាប់ដំណឹងដល់យើងថា ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ប្រទានមកយើង នោះជាស្រុកល្អណាស់
26. ប៉ុន្តែឯងរាល់គ្នាមិនព្រមឡើងទៅទេ គឺបានទាស់ទទឹងនឹងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ
27. ហើយបានរទូរទាំ នៅក្នុងត្រសាលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់ស្អប់យើងរាល់គ្នាហើយ បានជាទ្រង់នាំយើងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍អាម៉ូរី ឲ្យបំផ្លាញយើងទៅ
28. តើយើងនឹងឡើងទៅឯណា ដ្បិតបងប្អូនយើងទាំងនេះ បានរំលាយចិត្តយើង ដោយពាក្យថា សាសន៍នោះគេមានមាឌធំខ្ពស់ជាងយើងរាល់គ្នាណាស់ ឯទីក្រុងរបស់គេក៏ធំណាស់ ហើយមានកំផែងខ្ពស់ដល់មេឃផង ១ទៀត យើងបានឃើញពួកកូនចៅអ័ណាក់នៅស្រុកនោះដែរ
29. នោះអញបានប្រាប់ដល់ឯងរាល់គ្នាថា កុំឲ្យភ័យស្លុត ឬខ្លាចគេឡើយ
30. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលទ្រង់យាងនាំមុខឯង ទ្រង់នឹងច្បាំងជំនួសឯង តាមគ្រប់ទាំងការដែលទ្រង់បានប្រោសដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងបានឃើញជាក់
31. ហើយនៅក្នុងទីរហោស្ថានផង នោះឯងរាល់គ្នាក៏បានឃើញថា ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបីទ្រឯង តាមផ្លូវដែលឯងបានដើរ រហូតមកដល់ទីនេះ ដូចជាមនុស្សបីកូនរបស់ខ្លួន
32. តែទោះបើយ៉ាងនោះក៏ដោយ គង់តែឯងនៅតែមិនទុកចិត្តនឹងព្រះយេហូវ៉ាជាព្រះនៃឯងទៀត
33. ដែលទ្រង់បាននាំមុខឯងតាមផ្លូវដើម្បីនឹងរកទីកន្លែងឲ្យឯងដំឡើងត្រសាល គឺដោយភ្លើងនៅពេលយប់ សំរាប់បង្ហាញផ្លូវដែលឯងត្រូវដើរ ហើយដោយពពកនៅពេលថ្ងៃដែរ។
34. ព្រះយេហូវ៉ា ទ្រង់ឮសូរសំឡេង នៃសេចក្ដីដែលឯងរាល់គ្នាថានោះ រួចទ្រង់ក៏មានសេចក្ដីក្រោធ ហើយស្បថថា
35. ក្នុងពួកមនុស្សដំណអាក្រក់នេះ នឹងគ្មានអ្នកណាមួយឃើញស្រុកល្អ ដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោឯងឡើយ
36. ឃើញបានតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ ហើយអញនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះ ដល់គាត់ និងពួកកូនចៅគាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក