2. រីឯពីភ្នំហោរែប តាមផ្លូវភ្នំសៀរ ទៅដល់កាដេស-បារនា នោះទាំងអស់មានចំនួនដើរផ្លូវអស់១១ថ្ងៃ
3. ហើយនៅថ្ងៃទី១ ក្នុងខែមាឃ ឆ្នាំទី៤០ នោះម៉ូសេរំឭកដល់ពួកកូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកគេ ដោយសារលោក
4. គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី
5. ត្រើយខាងកើតទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ហើយ នោះម៉ូសេចាប់តាំងសំដែងពន្យល់ ពីបណ្តាក្រឹត្យវិន័យនេះ ដោយពាក្យថា
6. ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់មានព្រះបន្ទូលមកយើង នៅត្រង់ភ្នំហោរែបថា ឯងរាល់គ្នាបាននៅភ្នំនេះល្មមប៉ុណ្ណេះហើយ
7. ដូច្នេះ ចូរនាំគ្នាចេញទៅចុះ ហើយធ្វើដំណើរទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី និងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺជាស្រុកវាល ស្រុកភ្នំ ស្រុកទំនាប ស្រុកត្បូង ស្រុកក្បែរសមុទ្រ និងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
8. មើល អញបានប្រគល់ស្រុកនោះ ឲ្យឯងរាល់គ្នាហើយ ដូច្នេះឲ្យចូលទៅ ទទួលយកស្រុក ដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកអយ្យកោឯងរាល់គ្នាចុះ គឺថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយនឹងពូជដំណលោកតទៅ។
9. នៅវេលានោះ អញបាននិយាយនឹងឯងរាល់គ្នាថា អញពុំអាចនឹងបីទ្រឯងរាល់គ្នាតែម្នាក់ឯងបានទេ
10. ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានចំរើនឯងជាច្រើនឡើង ហើយមើល សព្វថ្ងៃនេះ ឯងមានគ្នាយ៉ាងសន្ធឹក ដូចជាផ្កាយនៅលើមេឃ
11. សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯង ចំរើនឲ្យបានគ្នាជាច្រើនលើសជាងឥឡូវនេះ ជា១ពាន់ដងទៅទៀតចុះ ហើយប្រទានពរ ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯងរាល់គ្នាដែរ
12. តែធ្វើដូចម្តេចឲ្យអញតែម្នាក់ឯង ទ្រាំទ្រនឹងឯងរាល់គ្នា ដែលជាបន្ទុក ហើយជាសេចក្ដីលំបាកដល់អញដូច្នេះ និងសេចក្ដីឈ្លោះប្រកែករបស់ឯងរាល់គ្នាទៅបាន
13. ចូរឲ្យឯងរាល់គ្នារើសយកមនុស្សដែលមានប្រាជ្ញា មានយោបល់ ហើយមានឈ្មោះក្នុងពូជអំបូរឯងរាល់គ្នាមក នោះអញនឹងតាំងគេឲ្យធ្វើជាមេលើឯងរាល់គ្នា
14. រួចឯងរាល់គ្នាបានឆ្លើយមកអញថា សេចក្ដីដែលលោកមានប្រសាសន៍មក នោះស្រួលហើយ
15. ដូច្នេះអញក៏បានយកពួកមេលើពូជអំបូរឯងរាល់គ្នាទាំងប៉ុន្មាន ដែលជាមនុស្សមានប្រាជ្ញា ហើយមានឈ្មោះតាំងគេឡើងលើឯងរាល់គ្នា គឺជាមេលើ១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ ព្រមទាំងនាយកផង តាមពូជអំបូររបស់ឯងរាល់គ្នា
16. នៅវេលានោះ អញក៏បានផ្តាំនឹងពួកកូនចៅក្រមនៃឯងរាល់គ្នាថា ចូរប្រុងស្តាប់រឿងក្តីរបស់ពួកបងប្អូនអ្នករាល់គ្នាចុះ ហើយជំនុំជំរះដល់បង និងប្អូន និងអ្នកដែលស្នាក់នៅជាមួយនឹងគេដោយយុត្តិធម៌
17. មិនត្រូវឲ្យអ្នករាល់គ្នាល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្រេចនៅព្រះវិញ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា នោះត្រូវនាំមកឯខ្ញុំវិញ ខ្ញុំនឹងជំនុំជំរះឲ្យ
18. នៅវេលានោះ អញក៏បានបង្គាប់ពីគ្រប់ទាំងសេចក្ដីដែលឯងរាល់គ្នាត្រូវប្រព្រឹត្តតាមដែរ។
19. រួចយើងរាល់គ្នាក៏ធ្វើដំណើរ ចេញពីភ្នំហោរែបដើរកាត់អស់ទាំងទីរហោស្ថានសំបើម គួរស្ញែងខ្លាចនោះដែលឯងរាល់គ្នាបានឃើញ តាមផ្លូវទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី តាមដែលព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាបានបង្គាប់មក រហូតទៅដល់កាដេស-បារនា