ចោទិយ‌កថា 1:18-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. នៅ​វេលា​នោះ អញ​ក៏​បាន​បង្គាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​ដែរ។

19. រួច​យើង​រាល់​គ្នា​ក៏​ធ្វើ​ដំណើរ ចេញ​ពី​ភ្នំ​ហោរែប​ដើរ​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​សំបើម គួរ​ស្ញែង‌ខ្លាច​នោះ​ដែល​ឯង​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​បាន​បង្គាប់​មក រហូត​ទៅ​ដល់​កាដេស-បារនា

20. នោះ​អញ​បាន​ប្រាប់​ថា ឯង​រាល់​គ្នា​បាន​មក​ដល់​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ប្រទាន​មក​យើង​ហើយ

21. មើល ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ប្រគល់​ស្រុក​នោះ​ដល់​ឯង ដូច្នេះ​ចូរ​ឡើង​ទៅ​ទទួល​យក​ចុះ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​មក កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​រសាយ​ចិត្ត​ឲ្យ​សោះ។

22. នោះ​ឯង​គ្រប់​គ្នា បាន​ចូល​មក​ឯ​អញ និយាយ​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ចាត់​មនុស្ស​ឲ្យ​ទៅ​មុន ដើម្បី​នឹង​ដើរ​សង្កេត​មើល​ស្រុក​នោះ​ឲ្យ​យើង ហើយ​ត្រឡប់​មក​ប្រាប់​ពី​ផ្លូវ​ដែល​យើង​ត្រូវ​ឡើង​ទៅ ហើយ​ពី​អស់​ទាំង​ទី​ក្រុង​ដល់​យើង​ត្រូវ​មក​ដល់

23. សេចក្ដី​នោះ​ក៏​បាន​គាប់​ចិត្ត​អញ​ណាស់​ដែរ ដូច្នេះ​អញ​បាន​រើស​យក​មនុស្ស​១២​នាក់​ក្នុង​ពួក​ឯង​រាល់​គ្នា គឺ​ម្នាក់ៗ​ពី​ពូជ​អំបូរ​មួយៗ

24. អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​គេ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ រហូត​ដល់​ជ្រោះ​អែស‌កុល ទាំង​សង្កេត​មើល

25. គេ​ក៏​នាំ​យក​ផល​ផ្លែ​ពី​ស្រុក​នោះ កាន់​នៅ​ដៃ​ត្រឡប់​មក​វិញ ព្រម​ទាំង​ប្រាប់​ដំណឹង​ដល់​យើង​ថា ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ប្រទាន​មក​យើង នោះ​ជា​ស្រុក​ល្អ​ណាស់

26. ប៉ុន្តែ​ឯង​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ទេ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ

27. ហើយ​បាន​រទូ‌រទាំ នៅ​ក្នុង​ត្រសាល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​យើង​រាល់​គ្នា​ហើយ បាន​ជា​ទ្រង់​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​អាម៉ូរី ឲ្យ​បំផ្លាញ​យើង​ទៅ

28. តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា ដ្បិត​បង​ប្អូន​យើង​ទាំង​នេះ បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា សាសន៍​នោះ​គេ​មាន​មាឌ​ធំ​ខ្ពស់​ជាង​យើង​រាល់​គ្នា​ណាស់ ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ​ណាស់ ហើយ​មាន​កំផែង​ខ្ពស់​ដល់​មេឃ​ផង ១​ទៀត យើង​បាន​ឃើញ​ពួក​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ដែរ

29. នោះ​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ថា កុំ​ឲ្យ​ភ័យ‌ស្លុត ឬ​ខ្លាច​គេ​ឡើយ

30. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​ច្បាំង​ជំនួស​ឯង តាម​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​បាន​ឃើញ​ជាក់

31. ហើយ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ផង នោះ​ឯង​រាល់​គ្នា​ក៏​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បី​ទ្រ​ឯង តាម​ផ្លូវ​ដែល​ឯង​បាន​ដើរ រហូត​មក​ដល់​ទី​នេះ ដូច​ជា​មនុស្ស​បី​កូន​របស់​ខ្លួន

32. តែ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​នៅ​តែ​មិន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទៀត

33. ដែល​ទ្រង់​បាន​នាំ​មុខ​ឯង​តាម​ផ្លូវ​ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​ឯង​ដំឡើង​ត្រសាល គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ សំរាប់​បង្ហាញ​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ ហើយ​ដោយ​ពពក​នៅ​ពេល​ថ្ងៃ​ដែរ។

34. ព្រះ‌យេហូវ៉ា ទ្រង់​ឮ​សូរ​សំឡេង នៃ​សេចក្ដី​ដែល​ឯង​រាល់​គ្នា​ថា​នោះ រួច​ទ្រង់​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​ស្បថ​ថា

ចោទិយ‌កថា 1