13. ចូរឲ្យឯងរាល់គ្នារើសយកមនុស្សដែលមានប្រាជ្ញា មានយោបល់ ហើយមានឈ្មោះក្នុងពូជអំបូរឯងរាល់គ្នាមក នោះអញនឹងតាំងគេឲ្យធ្វើជាមេលើឯងរាល់គ្នា
14. រួចឯងរាល់គ្នាបានឆ្លើយមកអញថា សេចក្ដីដែលលោកមានប្រសាសន៍មក នោះស្រួលហើយ
15. ដូច្នេះអញក៏បានយកពួកមេលើពូជអំបូរឯងរាល់គ្នាទាំងប៉ុន្មាន ដែលជាមនុស្សមានប្រាជ្ញា ហើយមានឈ្មោះតាំងគេឡើងលើឯងរាល់គ្នា គឺជាមេលើ១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ ព្រមទាំងនាយកផង តាមពូជអំបូររបស់ឯងរាល់គ្នា
16. នៅវេលានោះ អញក៏បានផ្តាំនឹងពួកកូនចៅក្រមនៃឯងរាល់គ្នាថា ចូរប្រុងស្តាប់រឿងក្តីរបស់ពួកបងប្អូនអ្នករាល់គ្នាចុះ ហើយជំនុំជំរះដល់បង និងប្អូន និងអ្នកដែលស្នាក់នៅជាមួយនឹងគេដោយយុត្តិធម៌
17. មិនត្រូវឲ្យអ្នករាល់គ្នាល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្រេចនៅព្រះវិញ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា នោះត្រូវនាំមកឯខ្ញុំវិញ ខ្ញុំនឹងជំនុំជំរះឲ្យ
18. នៅវេលានោះ អញក៏បានបង្គាប់ពីគ្រប់ទាំងសេចក្ដីដែលឯងរាល់គ្នាត្រូវប្រព្រឹត្តតាមដែរ។