12. តែធ្វើដូចម្តេចឲ្យអញតែម្នាក់ឯង ទ្រាំទ្រនឹងឯងរាល់គ្នា ដែលជាបន្ទុក ហើយជាសេចក្ដីលំបាកដល់អញដូច្នេះ និងសេចក្ដីឈ្លោះប្រកែករបស់ឯងរាល់គ្នាទៅបាន
13. ចូរឲ្យឯងរាល់គ្នារើសយកមនុស្សដែលមានប្រាជ្ញា មានយោបល់ ហើយមានឈ្មោះក្នុងពូជអំបូរឯងរាល់គ្នាមក នោះអញនឹងតាំងគេឲ្យធ្វើជាមេលើឯងរាល់គ្នា
14. រួចឯងរាល់គ្នាបានឆ្លើយមកអញថា សេចក្ដីដែលលោកមានប្រសាសន៍មក នោះស្រួលហើយ
15. ដូច្នេះអញក៏បានយកពួកមេលើពូជអំបូរឯងរាល់គ្នាទាំងប៉ុន្មាន ដែលជាមនុស្សមានប្រាជ្ញា ហើយមានឈ្មោះតាំងគេឡើងលើឯងរាល់គ្នា គឺជាមេលើ១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ ព្រមទាំងនាយកផង តាមពូជអំបូររបស់ឯងរាល់គ្នា
16. នៅវេលានោះ អញក៏បានផ្តាំនឹងពួកកូនចៅក្រមនៃឯងរាល់គ្នាថា ចូរប្រុងស្តាប់រឿងក្តីរបស់ពួកបងប្អូនអ្នករាល់គ្នាចុះ ហើយជំនុំជំរះដល់បង និងប្អូន និងអ្នកដែលស្នាក់នៅជាមួយនឹងគេដោយយុត្តិធម៌
17. មិនត្រូវឲ្យអ្នករាល់គ្នាល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្រេចនៅព្រះវិញ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា នោះត្រូវនាំមកឯខ្ញុំវិញ ខ្ញុំនឹងជំនុំជំរះឲ្យ
18. នៅវេលានោះ អញក៏បានបង្គាប់ពីគ្រប់ទាំងសេចក្ដីដែលឯងរាល់គ្នាត្រូវប្រព្រឹត្តតាមដែរ។
19. រួចយើងរាល់គ្នាក៏ធ្វើដំណើរ ចេញពីភ្នំហោរែបដើរកាត់អស់ទាំងទីរហោស្ថានសំបើម គួរស្ញែងខ្លាចនោះដែលឯងរាល់គ្នាបានឃើញ តាមផ្លូវទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី តាមដែលព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាបានបង្គាប់មក រហូតទៅដល់កាដេស-បារនា
20. នោះអញបានប្រាប់ថា ឯងរាល់គ្នាបានមកដល់ស្រុកភ្នំរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់បានប្រទានមកយើងហើយ
21. មើល ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានប្រគល់ស្រុកនោះដល់ឯង ដូច្នេះចូរឡើងទៅទទួលយកចុះ ដូចជាព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯងបានមានព្រះបន្ទូលប្រាប់មក កុំឲ្យខ្លាចឡើយ ក៏កុំឲ្យរសាយចិត្តឲ្យសោះ។
22. នោះឯងគ្រប់គ្នា បានចូលមកឯអញ និយាយថា សូមឲ្យយើងរាល់គ្នាចាត់មនុស្សឲ្យទៅមុន ដើម្បីនឹងដើរសង្កេតមើលស្រុកនោះឲ្យយើង ហើយត្រឡប់មកប្រាប់ពីផ្លូវដែលយើងត្រូវឡើងទៅ ហើយពីអស់ទាំងទីក្រុងដល់យើងត្រូវមកដល់
23. សេចក្ដីនោះក៏បានគាប់ចិត្តអញណាស់ដែរ ដូច្នេះអញបានរើសយកមនុស្ស១២នាក់ក្នុងពួកឯងរាល់គ្នា គឺម្នាក់ៗពីពូជអំបូរមួយៗ
24. អ្នកទាំងនោះក៏ចេញទៅ ហើយគេឡើងទៅក្នុងស្រុកភ្នំ រហូតដល់ជ្រោះអែសកុល ទាំងសង្កេតមើល
25. គេក៏នាំយកផលផ្លែពីស្រុកនោះ កាន់នៅដៃត្រឡប់មកវិញ ព្រមទាំងប្រាប់ដំណឹងដល់យើងថា ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ប្រទានមកយើង នោះជាស្រុកល្អណាស់
26. ប៉ុន្តែឯងរាល់គ្នាមិនព្រមឡើងទៅទេ គឺបានទាស់ទទឹងនឹងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ
27. ហើយបានរទូរទាំ នៅក្នុងត្រសាលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់ស្អប់យើងរាល់គ្នាហើយ បានជាទ្រង់នាំយើងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍អាម៉ូរី ឲ្យបំផ្លាញយើងទៅ
28. តើយើងនឹងឡើងទៅឯណា ដ្បិតបងប្អូនយើងទាំងនេះ បានរំលាយចិត្តយើង ដោយពាក្យថា សាសន៍នោះគេមានមាឌធំខ្ពស់ជាងយើងរាល់គ្នាណាស់ ឯទីក្រុងរបស់គេក៏ធំណាស់ ហើយមានកំផែងខ្ពស់ដល់មេឃផង ១ទៀត យើងបានឃើញពួកកូនចៅអ័ណាក់នៅស្រុកនោះដែរ
29. នោះអញបានប្រាប់ដល់ឯងរាល់គ្នាថា កុំឲ្យភ័យស្លុត ឬខ្លាចគេឡើយ
30. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលទ្រង់យាងនាំមុខឯង ទ្រង់នឹងច្បាំងជំនួសឯង តាមគ្រប់ទាំងការដែលទ្រង់បានប្រោសដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងបានឃើញជាក់