ចោទិយ‌កថា 1:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ពោល​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​ក្នុង​ទី​រហោ‌ស្ថាន នា​ស្រុក​វាល ទល់​មុខ​នឹង​ស៊ូភ នៅ​ជា​កណ្តាល​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និង​ឌីសា‌ហាប់

2. រីឯ​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​ទាំង​អស់​មាន​ចំនួន​ដើរ​ផ្លូវ​អស់​១១​ថ្ងៃ

3. ហើយ​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​មាឃ ឆ្នាំ​ទី​៤០ នោះ​ម៉ូសេ​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​គេ ដោយ‌សារ​លោក

4. គឺ​ពេល​ក្រោយ​ដែល​បាន​វាយ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្នុង​អាស‌ថារ៉ូត ត្រង់​ទី​ក្រុង​អេទ្រី

5. ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​ម៉ូអាប់​ហើយ នោះ​ម៉ូសេ​ចាប់​តាំង​សំដែង​ពន្យល់ ពី​បណ្តា​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា

6. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ត្រង់​ភ្នំ​ហោរែប​ថា ឯង​រាល់​គ្នា​បាន​នៅ​ភ្នំ​នេះ​ល្មម​ប៉ុណ្ណេះ​ហើយ

7. ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​ចុះ ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​ជា​ស្រុក​វាល ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត

8. មើល អញ​បាន​ប្រគល់​ស្រុក​នោះ ឲ្យ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ​ឲ្យ​ចូល​ទៅ ទទួល​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ចុះ គឺ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ហើយ​នឹង​ពូជ​ដំណ​លោក​ត​ទៅ។

9. នៅ​វេលា​នោះ អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ថា អញ​ពុំ​អាច​នឹង​បី​ទ្រ​ឯង​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ

10. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចំរើន​ឯង​ជា​ច្រើន​ឡើង ហើយ​មើល សព្វ​ថ្ងៃ​នេះ ឯង​មាន​គ្នា​យ៉ាង​សន្ធឹក ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ

11. សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង ចំរើន​ឲ្យ​បាន​គ្នា​ជា​ច្រើន​លើស​ជាង​ឥឡូវ​នេះ ជា​១​ពាន់​ដង​ទៅ​ទៀត​ចុះ ហើយ​ប្រទាន​ពរ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា​ដែរ

12. តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​តែ​ម្នាក់​ឯង ទ្រាំទ្រ​នឹង​ឯង​រាល់​គ្នា ដែល​ជា​បន្ទុក ហើយ​ជា​សេចក្ដី​លំបាក​ដល់​អញ​ដូច្នេះ និង​សេចក្ដី​ឈ្លោះ​ប្រកែក​របស់​ឯង​រាល់​គ្នា​ទៅ​បាន

ចោទិយ‌កថា 1