កូឡូស 2:4-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ហើយ​ដែល​ខ្ញុំ​ថា​ដូច្នេះ នោះ​គឺ​ក្រែង​លោ​មាន​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​លលួង

5. ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ទាំង​មាន​សេចក្តី​អំណរ ដោយ​ឃើញ​សណ្តាប់‌ធ្នាប់​របស់​អ្នក​រាល់​គ្នា និង​សេចក្តី​ខ្ជាប់‌ខ្ជួន​នៃ​សេចក្តី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ។

6. ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់ បែប​យ៉ាង​ណា នោះ​ចូរ​ដើរ​ក្នុង​ទ្រង់​តាម​បែប​យ៉ាង​នោះ​ចុះ

7. ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្តី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង​ផង។

8. ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ៍ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ

9. ដ្បិត​មាន​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង

10. ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញ‌លេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន

11. អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក​ម្យ៉ាង​ក្នុង​ទ្រង់ ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​ចេញ ដោយ​ទទួល​ការ​កាត់​ស្បែក​របស់​ព្រះ‌គ្រីស្ទ​វិញ

12. ហើយ​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​នឹង​ទ្រង់​ក្នុង​បុណ្យ​ជ្រមុជ ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​នឹង​ទ្រង់ ដោយ‌សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ឫទ្ធិ‌បារមី​នៃ​ព្រះ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ

13. ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា

14. ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើងក្នុង​សេចក្តី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង

កូឡូស 2