1. សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយនូវព្រះហឫទ័យព្រះ
2. និងធីម៉ូថេ ជាបងប្អូនយើងខ្ញុំ ផ្ញើមកពួកបរិសុទ្ធ ជាពួកបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅក្រុងកូឡូស សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា។
3. យើងខ្ញុំអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ក៏អធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច
4. ដោយបានឮដំណាលពីសេចក្តីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទយេស៊ូវ ហើយពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានដល់ពួកបរិសុទ្ធទាំងអស់
5. គឺអរព្រះគុណដោយព្រោះសេចក្តីសង្ឃឹម ដែលបំរុងទុកឲ្យអ្នករាល់គ្នា នៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹម ដែលអ្នករាល់គ្នាបានឮនិយាយ ក្នុងព្រះបន្ទូលដ៏ពិតនៃដំណឹងល្អ
6. ដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយ៍ទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង ដូចក្នុងពួកអ្នករាល់គ្នា ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណនៃព្រះជាប្រាកដ
7. តាមដែលអ្នករាល់គ្នាបានរៀននឹងអេប៉ាប្រាស ជាបាវបំរើស្ងួនភ្ងាជាមួយនឹងយើងខ្ញុំ គាត់ជាអ្នកបំរើស្មោះត្រង់របស់ព្រះគ្រីស្ទ សំរាប់អ្នករាល់គ្នា
8. ហើយគាត់បានថ្លែងប្រាប់យើងខ្ញុំ ពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានដោយនូវព្រះវិញ្ញាណ។
9. ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា និងចំណេះខាងវិញ្ញាណ