4. គាត់ក៏ដួលដល់ដី រួចឮសំឡេងមានព្រះបន្ទូលមកថា សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ
5. គាត់ទូលឆ្លើយថា ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ រួចព្រះអម្ចាស់ទ្រង់តបថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់
6. នោះគាត់ក៏ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នក ឲ្យដឹងពីការដែលអ្នកត្រូវធ្វើ
7. ឯពួកអ្នកដែលដើរជាមួយនឹងគាត់ គេក៏ឈរស្រឡាំងកាំងនៅ ដោយបានឮសំឡេងមែន តែមិនឃើញអ្នកណាសោះ
8. រួចសុលក៏ក្រោកពីដីឡើង តែកាលគាត់បើកភ្នែកហើយ នោះមើលមិនឃើញអ្វីទេ គេក៏ដឹកដៃគាត់នាំទៅឯដាម៉ាស
9. ក្នុងរវាង៣ថ្ងៃគាត់មើលមិនឃើញឡើយ ក៏មិនបរិភោគអ្វីផង។
10. រីឯដាម៉ាស នោះមានសិស្សម្នាក់ឈ្មោះអាន៉្នានាស ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលហៅគាត់ ក្នុងការជាក់ស្តែងថា នែ អាន៉្នានាសអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
11. ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរក្រោកឡើង ទៅឯផ្លូវដែលហៅថា ផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិតមើល គាត់កំពុងតែអធិស្ឋាន
12. ហើយក្នុងការជាក់ស្តែង គាត់បានឃើញថា មានមនុស្សម្នាក់ឈ្មោះអាន៉្នានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើង
13. អាន៉្នានាសទូលឆ្លើយថា ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើន និយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅក្រុងយេរូសាឡិម
14. ហើយនៅទីនេះ គាត់ក៏មានអំណាចពីពួកសង្គ្រាជ អាចនឹងទៅចាប់ចងនូវអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមទ្រង់ដែរ
15. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរទៅចុះ ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សំរាប់នឹងប្រកាសឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ និងពួកស្តេច ហើយនឹងពួកកូនចៅសាសន៍អ៊ីស្រាអែលផង