កិច្ចការ 9:35-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

35. ឯ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ភូមិ​លីដា និង​ស្រុក​សារ៉ូន ក៏​ឃើញ​គាត់ ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ‌អម្ចាស់។

36. នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន

37. នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ កាល​គេ​បាន​ផ្ងូត​ទឹក​រូប​នាង​ហើយ នោះ​ក៏​យក​ទៅ​ដាក់​នៅ​ឯ​បន្ទប់​ខាង​លើ

38. រួច​ដោយ​ព្រោះ​ភូមិ​លីដា​នៅ​ជិត​យ៉ុបប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា ពេត្រុស​នៅ​ទី​នោះ បាន​ជា​គេ​ប្រើ​២​នាក់​ឲ្យ​ទៅ​រក​គាត់ ដើម្បី​នឹង​សូម​អង្វរ​ឲ្យ​មក​ឯ​គេ​ដោយ​ឥត​បង្អង់

39. ពេត្រុស​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ កាល​បាន​ដល់​ហើយ នោះ​គេ​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​នោះ ហើយ​ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ និង​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ

40. តែ​ពេត្រុស​បណ្តេញ​គេ​ទៅ​ក្រៅ​ទាំង​អស់ ក៏​លុត​ជង្គង់​អធិស្ឋាន រួច​គាត់​បែរ​ខ្លួន​ទៅ​ឯ​រូប​បុគ្គល​នោះ និយាយ​ថា តេប៊ីថា​អើយ ចូរ​នាង​ក្រោក​ឡើង នាង​ក៏​បើក​ភ្នែក ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ

41. គាត់​ក៏​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​គាត់​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្រី​មេម៉ាយ​មក ប្រគល់​នាង​ទៅ​គេ​ទាំង​រស់

42. មនុស្ស​ទាំង‌ឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញ‌ពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះ‌អម្ចាស់

43. រួច​គាត់​ក៏​អាស្រ័យ​នៅ​យ៉ុបប៉េ ក្នុង​ផ្ទះ​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ។

កិច្ចការ 9