កិច្ចការ 9:20-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. សុល​ក៏​នៅ​ក្រុង​ដាម៉ាស ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ថ្ងៃ នោះ​ស្រាប់​តែ​គាត់​ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ

21. ឯ​អស់​អ្នក​ដែល​ឮ ក៏​មាន​សេចក្ដី​ងឿង‌ឆ្ងល់ ហើយ​គេ​និយាយ​ថា តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នោះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ

22. តែ​សុល គាត់​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ក៏​ផ្ទុញ‌ផ្ទាល់​ដល់​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ដាម៉ាស​វិញ ដោយ​សំដែង​បញ្ជាក់​ពី​ព្រះ‌អង្គ​នេះ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន

23. លុះ​យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា គេ​ពិគ្រោះ​គ្នា​នឹង​សំឡាប់​គាត់​ចេញ

24. គេ​ក៏​ចាំ​ទ្វា​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សំឡាប់​គាត់ តែ​សុល​បាន​ដឹង​ពី​ឧបាយ‌កល​របស់​គេ​ដែរ

25. ហើយ​ក្នុង​វេលា​យប់ ពួក​សិស្ស​យក​កញ្ជើ​មក​ដាក់​គាត់​សំរូត​ចុះ​តាម​កំផែង​ក្រុង​ទៅ។

26. កាល​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​គាត់​ខំ​ចូល​ទៅ​ឯ​ពួក​សិស្ស តែ​គេ​ខ្លាច​គាត់​ទាំង​អស់​គ្នា គេ​មិន​ជឿ​ថា គាត់​ជា​សិស្ស​ទេ

27. តែ​បាណា‌បាស​នាំ​គាត់​ទៅ​ឯ​ពួក​សាវក រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​គាត់​បាន​ឃើញ​ព្រះ‌អម្ចាស់​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គាត់ ក៏​និយាយ​ពី​បែប​យ៉ាង​ណា ដែល​គាត់​មាន​ចិត្ត​ក្លាហាន​នឹង​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នៅ​ក្រុង​ដាម៉ាស​ផង

28. គាត់​ក៏​នៅ​ជា​មួយ​នឹង​គេ​ក្នុង​ក្រុង​យេរូ‌សាឡិម ទាំង​ចេញ​ចូល ហើយ​បាន​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដោយ​ក្លាហាន

29. គាត់​សំដែង ហើយ​ជជែក​ជា​មួយ​នឹង​ពួក​ហេលេន តែ​ពួក​នោះ​រក​រឿង​សំឡាប់​គាត់​វិញ

30. បាន​ជា​កាល​ពួក​បង​ប្អូន​បាន​ដឹង នោះ​គេ​ជូន​គាត់​ទៅ​ត្រឹម​សេសារា រួច​ឲ្យ​ទៅ​ឯ​តើ‌សុស

31. នៅ​គ្រា​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​គ្រប់​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សាម៉ារី ក៏​មាន​សេចក្ដី​សុខ​សាន្ត ហើយ​មាន​ចិត្ត​ស្អាង​ឡើង ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ ដោយ​ជឿន​ទៅ​មុខ ក្នុង​សេចក្ដី​កោត‌ខ្លាច ដល់​ព្រះ‌អម្ចាស់ និង​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

32. រីឯ​ពេត្រុស កំពុង​ដែល​គាត់​ដើរ​ចុះ​ឡើង​គ្រប់​កន្លែង នោះ​ក៏​ចុះ​ទៅ​ឯ​ពួក​បរិសុទ្ធ​នៅ​ភូមិ​លីដា​ដែរ

33. នៅ​ទី​នោះ​គាត់​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ អេនាស មាន​ជំងឺ​ឈឺ​ស្លាប់​ដៃ​ជើង ដេក​នៅ​តែ​លើ​គ្រែ អស់​៨​ឆ្នាំ​មក​ហើយ

34. ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះ‌យេស៊ូវ​ដ៏​ជា​ព្រះ‌គ្រីស្ទ ទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម

35. ឯ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ភូមិ​លីដា និង​ស្រុក​សារ៉ូន ក៏​ឃើញ​គាត់ ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ‌អម្ចាស់។

36. នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន

37. នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ កាល​គេ​បាន​ផ្ងូត​ទឹក​រូប​នាង​ហើយ នោះ​ក៏​យក​ទៅ​ដាក់​នៅ​ឯ​បន្ទប់​ខាង​លើ

កិច្ចការ 9