3. ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក។
4. ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល
5. ឯភីលីព គាត់ចុះទៅឯទីក្រុង១នៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រីស្ទ
6. ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា និងប្រុងស្តាប់អស់ទាំងសេចក្ដី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ
7. ព្រោះមានអារក្សអសោច ដែលបានចូលមនុស្សជា វាស្រែកឡើងជាខ្លាំង រួចចេញមក ក៏មានមនុស្សស្លាប់ដៃស្លាប់ជើង និងមនុស្សខ្វិនជាច្រើន បានជាដែរ
8. ហើយនៅទីក្រុងនោះ គេមានសេចក្ដីអំណរជាខ្លាំង។
9. រីឯនៅក្រុងនោះ មានមនុស្សម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកដែលពីដើមនាំឲ្យសាសន៍សាម៉ារីភាន់ភាំង ដោយវិធីមន្តអាគមរបស់ខ្លួន ទាំងប្រកាសខ្លួនថាជាអ្នកធំណាមួយ
10. មនុស្សទាំងឡាយ ចាប់តាំងពីអ្នកតូច រហូតដល់អ្នកធំ ក៏ប្រុងផ្ចង់ស្តាប់គាត់ទាំងអស់គ្នា ដោយថា អ្នកនេះពិតជាតួព្រះចេស្តានៃព្រះដ៏ធំហើយ
11. គេប្រុងស្តាប់គាត់ ពីព្រោះគាត់នាំឲ្យភាន់ជាយូរមកហើយ ដោយមន្តអាគមរបស់គាត់
12. តែកាលមនុស្សទាំងអស់បានជឿតាមភីលីព ដែលគាត់ប្រាប់ដំណឹងល្អពីនគរនៃព្រះ ហើយពីព្រះនាមព្រះយេស៊ូវគ្រីស្ទវិញ នោះគេក៏ទទួលបុណ្យជ្រមុជទឹកទាំងប្រុសទាំងស្រី
13. ហើយស៊ីម៉ូននោះក៏ជឿដែរ លុះគាត់ទទួលបុណ្យជ្រមុជរួចហើយ នោះក៏នៅជាប់នឹងភីលីពជាដរាបទៅ ហើយគាត់កើតមានសេចក្ដីអស្ចារ្យ ដោយបានឃើញទីសំគាល់ និងការឫទ្ធិបារមីជាធំដែលកើតមក។
14. កាលពួកសាវក នៅក្រុងយេរូសាឡិម បានឮថា ស្រុកសាម៉ារីទទួលព្រះបន្ទូលហើយ នោះគេចាត់ពេត្រុស និងយ៉ូហាន ឲ្យទៅឯពួកអ្នកនោះ
15. លុះអ្នកទាំង២បានចុះទៅដល់ហើយ នោះក៏អធិស្ឋានឲ្យគេ ប្រយោជន៍ឲ្យគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ
16. ដ្បិតព្រះវិញ្ញាណមិនទាន់ចុះមក សណ្ឋិតលើពួកគេណាមួយនៅឡើយ គេគ្រាន់តែបានទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ
17. ដូច្នេះ អ្នកទាំង២ក៏ដាក់ដៃលើគេ ហើយគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ
18. កាលស៊ីម៉ូនបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតដោយពួកសាវកដាក់ដៃលើគេដូច្នោះ នោះគាត់យកប្រាក់មកជូន ដោយពាក្យថា
19. សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា ឲ្យអ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ