24. ស៊ីម៉ូនឆ្លើយឡើងថា សូមលោកជួយអង្វរដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានការអ្វីមួយ ដូចលោកមានប្រសាសន៍នោះ បានកើតមកដល់ខ្ញុំឡើយ
25. កាលអ្នកទាំង២បានប្រឹងធ្វើបន្ទាល់អស់ពីចិត្ត ហើយប្រាប់ព្រះបន្ទូលនៃព្រះអម្ចាស់រួចហើយ នោះក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ទាំងប្រកាសប្រាប់ដំណឹងល្អ នៅក្នុងភូមិរបស់សាសន៍សាម៉ារីជាច្រើនតាមផ្លូវរៀងទៅ។
26. នោះទេវតានៃព្រះអម្ចាស់ មានព្រះបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ
27. គាត់ក៏ក្រោកឡើងដើរទៅ នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកំរៀវដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជទ្រព្យរបស់ស្តេច ហើយបានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ
28. លោកកំពុងតែជិះរថត្រឡប់ទៅវិញ ក៏មើលគម្ពីរហោរាអេសាយ
29. ខណៈនោះ ព្រះវិញ្ញាណទ្រង់មានព្រះបន្ទូលទៅភីលីពថា ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ
30. ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ
31. ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យយល់បាន រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា
32. ឯបទគម្ពីរដែលលោកកំពុងតែមើលនោះ គឺត្រង់បទនេះថា «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសំឡាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា
33. នៅគ្រាដែលទ្រង់ត្រូវបន្ទាបបន្ថោក នោះគេបានដកសេចក្ដីយុត្តិធម៌ចេញពីទ្រង់ទៅ តើអ្នកណានឹងថ្លែងពីព្រះវង្សាទ្រង់បាន ដ្បិតគេបានដកព្រះជន្មទ្រង់ពីផែនដីចេញហើយ»
34. អ្នកកំរៀវនោះសួរភីលីពថា ខ្ញុំសូមសួរអ្នក តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណា ពីខ្លួនលោក ឬពីអ្នកដទៃ
35. នោះភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ
36. កាលកំពុងតែទៅតាមផ្លូវ នោះឃើញមានទីទឹក ហើយអ្នកកំរៀវនិយាយថា មើល នុ៎ះន៏ទឹក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន
37. ភីលីពឆ្លើយថា បើលោកជឿអស់ពីចិត្ត នោះទទួលបាន លោកឆ្លើយឡើងថា ខ្ញុំជឿហើយ ថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ
38. នោះលោកបង្គាប់ឲ្យបញ្ឈប់រថ រួចភីលីព និងអ្នកកំរៀវ ក៏ចុះទៅក្នុងទឹកទាំង២នាក់ ហើយភីលីព គាត់ធ្វើបុណ្យជ្រមុជទឹកឲ្យ