13. ហើយស៊ីម៉ូននោះក៏ជឿដែរ លុះគាត់ទទួលបុណ្យជ្រមុជរួចហើយ នោះក៏នៅជាប់នឹងភីលីពជាដរាបទៅ ហើយគាត់កើតមានសេចក្ដីអស្ចារ្យ ដោយបានឃើញទីសំគាល់ និងការឫទ្ធិបារមីជាធំដែលកើតមក។
14. កាលពួកសាវក នៅក្រុងយេរូសាឡិម បានឮថា ស្រុកសាម៉ារីទទួលព្រះបន្ទូលហើយ នោះគេចាត់ពេត្រុស និងយ៉ូហាន ឲ្យទៅឯពួកអ្នកនោះ
15. លុះអ្នកទាំង២បានចុះទៅដល់ហើយ នោះក៏អធិស្ឋានឲ្យគេ ប្រយោជន៍ឲ្យគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ
16. ដ្បិតព្រះវិញ្ញាណមិនទាន់ចុះមក សណ្ឋិតលើពួកគេណាមួយនៅឡើយ គេគ្រាន់តែបានទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ
17. ដូច្នេះ អ្នកទាំង២ក៏ដាក់ដៃលើគេ ហើយគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ
18. កាលស៊ីម៉ូនបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតដោយពួកសាវកដាក់ដៃលើគេដូច្នោះ នោះគាត់យកប្រាក់មកជូន ដោយពាក្យថា
19. សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា ឲ្យអ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ
20. តែពេត្រុសឆ្លើយតបថា ចូរឲ្យប្រាក់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ព្រោះអ្នកស្មានថា នឹងយកប្រាក់មកទិញអំណោយទានរបស់ព្រះបានដូច្នេះ
21. អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ
22. ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្ដីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន
23. ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្ដីជូរល្វីង ហើយក៏ជាប់ដោយចំណងនៃសេចក្ដីទុច្ចរិតផង