កិច្ចការ 7:7-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា «អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​នោះ ដែល​ចាប់​គេ​ទៅ​បំរើ ក្រោយ​នោះ គេ​នឹង​ចេញ​មក​គោរព​ប្រតិ‌បត្តិ​ដល់​អញ នៅ​ទី​នេះ​វិញ»

8. ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា​ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។

9. ឯ​ពួក​ឰយុកោ​ទាំង​នោះ ក៏​លក់​យ៉ូសែប​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​លោក

10. ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ទាំង​អស់​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​នោះ និង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល​ផង

11. រីឯ​នៅ​ស្រុក​អេស៊ីព្ទ និង​ស្រុក​កា‌ណាន ក៏​កើត​មាន​អំណត់​អត់​បាយ​គ្រប់​កន្លែង មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ហើយ​ពួក​ឰយុកោ​នៃ​យើង​រាល់​គ្នា គេ​រក​អ្វី​នឹង​ចិញ្ចឹម​ជីវិត​មិន​បាន

12. នោះ​លោក​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ក៏​ចាត់​ប្រើ​ពួក​ឰយុកោ​យើង ឲ្យ​ទៅ​ជា​ជាន់​មុន​ដំបូង

13. លុះ​ដល់​លើក​ទី​២ ទើប​លោក​យ៉ូសែប​បាន​ឲ្យ​បង​ប្អូន​ស្គាល់​ខ្លួន ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​នៃ​លោក​យ៉ូសែប​ដែរ

14. រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក និង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក

15. ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ស្លាប់​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ឰយុកោ​យើង​ដែរ

16. គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។

17. កាល​ជិត​ដល់​កំណត់​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ​ហើយ នោះ​សាសន៍​យើង​ក៏​ចំរើន​ជា​ច្រើន​ឡើង នៅ​ស្រុក​អេស៊ីព្ទ

18. ដរាប​ដល់​មាន​ស្តេច​១​ទៀត​សោយ​រាជ្យ​ឡើង ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ

19. ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​ឰយុកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូន‌ង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ

20. នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ

21. កាល​គេ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​វិញ នោះ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ក៏​យក​ទៅ​ចិញ្ចឹម ទុក​ជា​កូន​បង្កើត

កិច្ចការ 7