38. គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានព្រះបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ
39. តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោល ហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ
40. ដោយនិយាយនឹងអើរ៉ុនថា «ចូរធ្វើព្រះឲ្យយើងរាល់គ្នា ដែលនឹងនាំមុខយើងផង ដ្បិតឯលោកម៉ូសេនោះ ដែលនាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាមានកើតគ្រោះថ្នាក់អ្វីដល់លោកទេ»
41. នៅគ្រានោះ គេក៏ធ្វើរូបកូនគោ១ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយ ចំពោះរបស់ដែលដៃខ្លួនគេបានធ្វើ
42. នោះព្រះទ្រង់ផ្លាស់ប្រែទៅជាបញ្ជូនគេ ឲ្យគោរពប្រតិបត្តិដល់ពួកបរិវារដែលនៅលើមេឃវិញ ដូចជាមានសេចក្ដីចែងទុកមក ក្នុងគម្ពីរពួកហោរាថា «ឱពួកវង្សអ៊ីស្រាអែលអើយ ដែលឯងរាល់គ្នាបានសំឡាប់សត្វថ្វាយជាយញ្ញបូជា នៅទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនោះ
43. ព្រមទាំងរើសយកបារាំរបស់ព្រះម៉ូឡុក និងផ្កាយរបស់ព្រះរេមផាន់ ជារូបដែលឯងបានធ្វើ សំរាប់នឹងថ្វាយបង្គំផង នោះតើបានថ្វាយដល់អញឬ ដូច្នេះ អញនឹងនិរទេសឯងរាល់គ្នា ឲ្យទៅនៅខាងនាយស្រុកបាប៊ីឡូនវិញ»។