34. អញបានឃើញសេចក្ដីទុក្ខលំបាក ដែលគេធ្វើដល់រាស្ត្រអញនៅស្រុកអេស៊ីព្ទហើយ ក៏ឮសូរដំងូររបស់គេដែរ ហេតុនោះបានជាអញចុះមក ដើម្បីប្រោសឲ្យគេរួច ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅឯស្រុកអេស៊ីព្ទ»
35. ឯលោកម៉ូសេនេះ ដែលគេមិនព្រមទទួល ដោយថា «តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រម»ដូច្នេះ គឺលោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាចៅហ្វាយ ហើយជាអ្នកជួយឲ្យរួច ដោយសារព្រះហស្តនៃទេវតា ដែលលេចមកឲ្យលោកឃើញ ក្នុងគុម្ពបន្លានោះ
36. លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ និងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ
37. គឺលោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ដល់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា «ព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ»
38. គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានព្រះបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ
39. តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោល ហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ
40. ដោយនិយាយនឹងអើរ៉ុនថា «ចូរធ្វើព្រះឲ្យយើងរាល់គ្នា ដែលនឹងនាំមុខយើងផង ដ្បិតឯលោកម៉ូសេនោះ ដែលនាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាមានកើតគ្រោះថ្នាក់អ្វីដល់លោកទេ»
41. នៅគ្រានោះ គេក៏ធ្វើរូបកូនគោ១ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយ ចំពោះរបស់ដែលដៃខ្លួនគេបានធ្វើ
42. នោះព្រះទ្រង់ផ្លាស់ប្រែទៅជាបញ្ជូនគេ ឲ្យគោរពប្រតិបត្តិដល់ពួកបរិវារដែលនៅលើមេឃវិញ ដូចជាមានសេចក្ដីចែងទុកមក ក្នុងគម្ពីរពួកហោរាថា «ឱពួកវង្សអ៊ីស្រាអែលអើយ ដែលឯងរាល់គ្នាបានសំឡាប់សត្វថ្វាយជាយញ្ញបូជា នៅទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនោះ
43. ព្រមទាំងរើសយកបារាំរបស់ព្រះម៉ូឡុក និងផ្កាយរបស់ព្រះរេមផាន់ ជារូបដែលឯងបានធ្វើ សំរាប់នឹងថ្វាយបង្គំផង នោះតើបានថ្វាយដល់អញឬ ដូច្នេះ អញនឹងនិរទេសឯងរាល់គ្នា ឲ្យទៅនៅខាងនាយស្រុកបាប៊ីឡូនវិញ»។
44. រីឯរោងឧបោសថនៃសេចក្ដីបន្ទាល់ នោះបាននៅជាមួយនឹងពួកឰយុកោយើងរាល់គ្នា នៅទីរហោស្ថាន ដូចជាព្រះបានបង្គាប់មក ឲ្យលោកម៉ូសេធ្វើតាមគំរូ ដែលលោកបានឃើញ
45. ពួកឰយុកោយើងក៏ទទួលរោងនោះតៗមក ហើយបាននាំចូលមកក្នុងស្រុក ជាមួយនឹងលោកយ៉ូស្វេ ក្នុងកាលដែលគេចាប់យកអស់ទាំងនគររបស់ពួកសាសន៍ដទៃ ដែលព្រះបានបណ្តេញពីមុខពួកឰយុកោយើងចេញ ដរាបដល់រាជ្យហ្លួងដាវីឌ។
46. រីឯហ្លួងដាវីឌនេះ ព្រះទ្រង់សព្វព្រះហឫទ័យនឹងទ្រង់ ហើយស្តេចទ្រង់មានព្រះទ័យប្រាថ្នាចង់រកទីលំនៅសំរាប់ព្រះនៃយ៉ាកុប
47. តែគឺហ្លួងសាឡូម៉ូនវិញ ដែលស្អាងដំណាក់១ថ្វាយដល់ព្រះ
48. ប៉ុន្តែ ឯព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងព្រះវិហារ ដែលដៃមនុស្សធ្វើនោះឡើយដូចជាហោរាបានទាយថា
49. «ស្ថានសួគ៌ជាបល្ល័ង្កអញ ហើយផែនដីជាកំណល់កល់ជើងអញ ព្រះអម្ចាស់មានព្រះបន្ទូលថា តើឯងរាល់គ្នានឹងស្អាងដំណាក់ណាឲ្យអញ ឬកន្លែងណាឲ្យអញឈប់សំរាកបាន
50. តើមិនមែនដៃអញ ដែលបង្កើតរបស់ទាំងនេះទេឬអី»
51. ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹង នឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ
52. តើមានហោរាណាមួយ ដែលពួកឰយុកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយគេបានសំឡាប់ពួកអ្នក ដែលទាយពីដំណើរព្រះដ៏សុចរិតត្រូវយាងមកដែរ ឥឡូវនេះ អ្នករាល់គ្នាក៏បានក្បត់ ហើយសំឡាប់ព្រះអង្គនោះ