19. ស្តេចនោះប្រព្រឹត្តនឹងសាសន៍យើងដោយឆ្លៀវឆ្លាត ទាំងធ្វើទុក្ខដល់ពួកឰយុកោយើង ដោយបង្ខំឲ្យគេចោលអស់ទាំងកូនង៉ែតរបស់គេចេញ មិនឲ្យមាននៅរស់ឡើយ
20. នៅគ្រានោះ លោកម៉ូសេបានកើតមក ជាកូនយ៉ាងស្រស់ល្អដល់ព្រះ គេក៏ចិញ្ចឹមនៅក្នុងផ្ទះឪពុកអស់៣ខែ
21. កាលគេត្រូវដាក់នៅខាងក្រៅវិញ នោះព្រះរាជបុត្រីផារ៉ោនក៏យកទៅចិញ្ចឹម ទុកជាកូនបង្កើត
22. លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ ហើយក៏មានពាក្យសំដី និងការធ្វើយ៉ាងចំណាន
23. កាលលោកបានអាយុ៤០ឆ្នាំហើយ នោះមានចិត្តភ្នកនឹករឭក ចង់ទៅសួរពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនខ្លួន
24. លុះបានឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែធ្វើទុក្ខដល់បងប្អូនខ្លួនម្នាក់ នោះក៏ជួយការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេសង្កត់សង្កិន ដោយសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះបង់
25. ដ្បិតលោកស្មានថា បងប្អូនលោកនឹងយល់ថា ព្រះទ្រង់ប្រទានសេចក្ដីសង្គ្រោះមក ដោយសារដៃលោក តែគេមិនបានយល់ទេ
26. លុះថ្ងៃក្រោយមក កំពុងដែលមានគេប្រឈ្លោះគ្នា នោះលោកមកដល់ ក៏ទូន្មានឲ្យស្រុះស្រួលនឹងគ្នាវិញ ដោយថា អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ
27. តែអ្នក១ដែលកំពុងតែធ្វើបាបដល់អ្នកជិតខាង ក៏ច្រានលោកចេញដោយពាក្យថា តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើង
28. តើចង់សំឡាប់អញ ដូចជាសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះ ពីថ្ងៃម្សិលមិញឬអី
29. កាលឮពាក្យនោះ លោកម៉ូសេក៏រត់ភៀសទៅស្នាក់នៅស្រុកម៉ាឌានទៅ ហើយបង្កើតបានកូនប្រុស២នៅស្រុកនោះឯង។
30. លុះក្រោយមក៤០ឆ្នាំ នោះទេវតានៃព្រះអម្ចាស់លេចមក ឲ្យលោកម៉ូសេឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាត្រង់ទីរហោស្ថានភ្នំស៊ីណាយ
31. កាលលោកឃើញ នោះក៏ឆ្ងល់នឹងការជាក់ស្តែងនោះ រួចលោកចូលទៅជិត ដើម្បីនឹងពិនិត្យមើល ស្រាប់តែឮសំឡេងព្រះអម្ចាស់មានព្រះបន្ទូលមកថា
32. «អញជាព្រះនៃពួកឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានមើលឡើយ
33. រួចព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅលោកថា «ចូរដោះស្បែកជើងឯងចេញ ដ្បិតកន្លែងដែលឯងឈរនោះជាដីបរិសុទ្ធ