កិច្ចការ 7:12-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. នោះ​លោក​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ក៏​ចាត់​ប្រើ​ពួក​ឰយុកោ​យើង ឲ្យ​ទៅ​ជា​ជាន់​មុន​ដំបូង

13. លុះ​ដល់​លើក​ទី​២ ទើប​លោក​យ៉ូសែប​បាន​ឲ្យ​បង​ប្អូន​ស្គាល់​ខ្លួន ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​នៃ​លោក​យ៉ូសែប​ដែរ

14. រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក និង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក

15. ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ស្លាប់​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ឰយុកោ​យើង​ដែរ

16. គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។

17. កាល​ជិត​ដល់​កំណត់​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ​ហើយ នោះ​សាសន៍​យើង​ក៏​ចំរើន​ជា​ច្រើន​ឡើង នៅ​ស្រុក​អេស៊ីព្ទ

18. ដរាប​ដល់​មាន​ស្តេច​១​ទៀត​សោយ​រាជ្យ​ឡើង ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ

19. ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​ឰយុកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូន‌ង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ

20. នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ

21. កាល​គេ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​វិញ នោះ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ក៏​យក​ទៅ​ចិញ្ចឹម ទុក​ជា​កូន​បង្កើត

22. លោក​បាន​រៀន‌សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី និង​ការ​ធ្វើ​យ៉ាង​ចំណាន

23. កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​ខ្លួន

កិច្ចការ 7