1. នោះសំដេចសង្ឃសួរថា សេចក្ដីទាំងនេះត្រូវឬទេ
2. ស្ទេផានឆ្លើយថា ឱអ្នករាល់គ្នាជាបងប្អូន ជាឪពុកអើយ សូមស្តាប់សិន ព្រះដ៏មានសិរីល្អ ទ្រង់លេចមកឲ្យលោកអ័ប្រាហាំ ជាឰយុកោយើងរាល់គ្នាឃើញ ក្នុងកាលដែលលោកនៅស្រុកមេសូប៉ូតាមា មុនដែលនៅស្រុកខារ៉ាន
3. ហើយមានព្រះបន្ទូលប្រាប់លោកថា «ចូរឯងចេញពីស្រុក ហើយពីញាតិសន្តានឯង ទៅនៅឯស្រុក១ដែលអញនឹងបង្ហាញវិញ»
4. នោះលោកក៏ចេញពីស្រុករបស់សាសន៍ខាល់ដេ ទៅនៅស្រុកខារ៉ានទៅ លុះក្រោយដែលឪពុកលោកស្លាប់ហើយ នោះទ្រង់ផ្លាស់លោកពីទីនោះ ឲ្យមកនៅស្រុក ដែលលោករាល់គ្នានៅសព្វថ្ងៃនេះវិញ
5. ទ្រង់មិនបានប្រទានឲ្យលោកមានមរដកអ្វី នៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានដែរ តែទ្រង់សន្យានឹងប្រទានស្រុកនេះ ទុកជាស្រុកកំណាន់ដល់លោក និងពូជលោកតទៅវិញ ថ្វីបើលោកមិនទាន់មានកូននៅឡើយផង
6. ហើយព្រះទ្រង់មានព្រះបន្ទូលបែបដូច្នេះ គឺពូជលោកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងចាប់គេធ្វើជាខ្ញុំកំដរ ព្រមទាំងធ្វើទុក្ខគេគ្រប់៤០០ឆ្នាំ
7. ព្រះទ្រង់មានព្រះបន្ទូលទៀតថា «អញនឹងជំនុំជំរះសាសន៍នោះ ដែលចាប់គេទៅបំរើ ក្រោយនោះ គេនឹងចេញមកគោរពប្រតិបត្តិដល់អញ នៅទីនេះវិញ»
8. ទ្រង់ក៏តាំងសេចក្ដីសញ្ញាខាងឯការកាត់ស្បែកដល់លោក ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យ នៅថ្ងៃទី៨ ឯអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយយ៉ាកុបបង្កើតពួកឰយុកោទាំង១២នាក់។
9. ឯពួកឰយុកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទទៅ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក
10. ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្ដីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូលផង
11. រីឯនៅស្រុកអេស៊ីព្ទ និងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្ដីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ចឹមជីវិតមិនបាន
12. នោះលោកយ៉ាកុបឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ក៏ចាត់ប្រើពួកឰយុកោយើង ឲ្យទៅជាជាន់មុនដំបូង
13. លុះដល់លើកទី២ ទើបលោកយ៉ូសែបបានឲ្យបងប្អូនស្គាល់ខ្លួន ហើយផារ៉ោនក៏បានស្គាល់គ្រួសារនៃលោកយ៉ូសែបដែរ
14. រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក
15. ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយបានស្លាប់នៅទីនោះ ព្រមទាំងពួកឰយុកោយើងដែរ
16. គេដង្ហែសពលោកទៅឯស្រុកស៊ីគែម បញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញ ពីពួកកូនចៅហេម័រ ជាអ្នកស្រុកស៊ីគែមនោះ។
17. កាលជិតដល់កំណត់នៃសេចក្ដីសន្យា ដែលព្រះបានស្បថនឹងលោកអ័ប្រាហាំហើយ នោះសាសន៍យើងក៏ចំរើនជាច្រើនឡើង នៅស្រុកអេស៊ីព្ទ