កិច្ចការ 5:20-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តា‌ជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ

21. កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះ‌វិហារ​ពី​ព្រលឹម ឯ​សំដេច​សង្ឃ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុម‌ជំនុំ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវក​មក

22. គេ​ក៏​បាន​ទៅ​ដល់​គុក តែ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ រួច​ត្រឡប់​មក​វិញ​ជំរាប​ថា

23. យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ទាំង​ប្រយ័ត្ន​គ្រប់​ជំពូក ព្រម​ទាំង​មាន​ពួក​យាម​ល្បាត​ឈរ​នៅ​មាត់​ទ្វារ​ផង តែ​កាល​បាន​បើក​ទៅ នោះ​មិន​ឃើញ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ទី​នោះ​សោះ

24. កាល​មេ​ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​សង្គ្រាជ​បាន​ឮ​ដូច្នោះ នោះ​ក៏​វល់​ក្នុង​ចិត្ត​ពី​ដំណើរ​ពួក​នោះ ដែល​កើត​ជា​យ៉ាង​ណា

25. តែ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា មើល ពួក​មនុស្ស​ដែល​លោក​បាន​ដាក់​គុក​នោះ ឥឡូវ​នេះ គេ​កំពុង​តែ​ឈរ​បង្រៀន​ដល់​ពួក​ជន នៅ​ក្នុង​ព្រះ‌វិហារ​វិញ

26. នោះ​មេ​ទ័ព និង​ពួក​អាជ្ញា ក៏​ទៅ​នាំ​គេ​មក ដោយ​ឥត​មាន​គំហក‌កំហែង​សោះ ដ្បិត​ខ្លាច​ក្រែង​បណ្តា‌ជន​ចោល​ខ្លួន​នឹង​ថ្ម

27. កាល​បាន​នាំ​មក​ដាក់​នៅ​មុខ​ក្រុម‌ជំនុំ​ហើយ នោះ​សំដេច​សង្ឃ​ស្តី​ថា

28. តើ​យើង​មិន​បាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូ‌សាឡិម​ទាំង​មូល​វិញ ព្រម​ទាំង​គិត​ទំលាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង

29. តែ​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស

កិច្ចការ 5