កិច្ចការ 5:14-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ហើយ​ពួក​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អម្ចាស់ ក៏​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង មាន​មនុស្ស​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី)

15. ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្ស ដែល​មាន​ជំងឺ​ផ្សេងៗ ចេញ​មក​នៅ​ផ្លូវ ផ្តេក​លើ​គ្រែ និង​ពូក ដើម្បី​កាល​ណា​ពេត្រុស​ដើរ​មក នោះ​សូម្បី​ហោច​ណាស់ ឲ្យ​គ្រាន់​តែ​ស្រមោល​គាត់ ចោល​ទៅ​លើ​ពួក​នោះ​ខ្លះ​ប៉ុណ្ណោះ

16. ឯ​បណ្តា​មនុស្ស ដែល​នៅ​អស់​ទាំង​ស្រុក​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម គេ​ក៏​មូល​គ្នា នាំ​ទាំង​មនុស្ស​មាន​ជំងឺ​មក ព្រម​ទាំង​មនុស្ស​អារក្ស‌អសោច​ចូល​ផង ហើយ​គេ​បាន​ជា​ទាំង​អស់​គ្នា។

17. រីឯ​សំដេច​សង្ឃ និង​អស់​អ្នក​នៅ​ជា​មួយ​នឹង​លោក ដែល​នៅ​ខាង​ពួក​សាឌូស៊ី គេ​លើក​គ្នា​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ដ៏​ពោរ‌ពេញ

18. ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំ​ទុក

19. ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា

20. ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តា‌ជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ

21. កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះ‌វិហារ​ពី​ព្រលឹម ឯ​សំដេច​សង្ឃ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុម‌ជំនុំ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវក​មក

22. គេ​ក៏​បាន​ទៅ​ដល់​គុក តែ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ រួច​ត្រឡប់​មក​វិញ​ជំរាប​ថា

23. យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ទាំង​ប្រយ័ត្ន​គ្រប់​ជំពូក ព្រម​ទាំង​មាន​ពួក​យាម​ល្បាត​ឈរ​នៅ​មាត់​ទ្វារ​ផង តែ​កាល​បាន​បើក​ទៅ នោះ​មិន​ឃើញ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ទី​នោះ​សោះ

24. កាល​មេ​ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​សង្គ្រាជ​បាន​ឮ​ដូច្នោះ នោះ​ក៏​វល់​ក្នុង​ចិត្ត​ពី​ដំណើរ​ពួក​នោះ ដែល​កើត​ជា​យ៉ាង​ណា

កិច្ចការ 5