13. ឯអ្នកឯទៀត មិនហ៊ានចូលក្នុងពួកគេឡើយ តែប្រជាជនសរសើរដល់គេ
14. ហើយពួកអ្នកដែលជឿដល់ព្រះអម្ចាស់ ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី)
15. ដល់ម៉្លេះបានជាគេយកមនុស្ស ដែលមានជំងឺផ្សេងៗ ចេញមកនៅផ្លូវ ផ្តេកលើគ្រែ និងពូក ដើម្បីកាលណាពេត្រុសដើរមក នោះសូម្បីហោចណាស់ ឲ្យគ្រាន់តែស្រមោលគាត់ ចោលទៅលើពួកនោះខ្លះប៉ុណ្ណោះ
16. ឯបណ្តាមនុស្ស ដែលនៅអស់ទាំងស្រុកជុំវិញក្រុងយេរូសាឡិម គេក៏មូលគ្នា នាំទាំងមនុស្សមានជំងឺមក ព្រមទាំងមនុស្សអារក្សអសោចចូលផង ហើយគេបានជាទាំងអស់គ្នា។
17. រីឯសំដេចសង្ឃ និងអស់អ្នកនៅជាមួយនឹងលោក ដែលនៅខាងពួកសាឌូស៊ី គេលើកគ្នាឡើង ដោយមានសេចក្ដីកំហឹងដ៏ពោរពេញ
18. ក៏ចាប់ពួកសាវកយកទៅឃុំទុក
19. ប៉ុន្តែ នៅវេលាយប់នោះ មានទេវតានៃព្រះអម្ចាស់បើកទ្វារគុកនាំចេញមក ប្រាប់ថា
20. ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្តាជនស្តាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ
21. កាលគេបានឮហើយ នោះក៏នាំគ្នាចូលទៅបង្រៀន ក្នុងព្រះវិហារពីព្រលឹម ឯសំដេចសង្ឃ និងពួកអ្នកដែលនៅជាមួយនឹងលោក ក៏មកហៅពួកក្រុមជំនុំ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ឲ្យប្រជុំគ្នា រួចចាត់ពួកអាជ្ញាទៅឯគុក ដើម្បីនឹងនាំយកពួកសាវកមក
22. គេក៏បានទៅដល់គុក តែមិនឃើញពួកសាវកនៅក្នុងគុកទេ រួចត្រឡប់មកវិញជំរាបថា
23. យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ទាំងប្រយ័ត្នគ្រប់ជំពូក ព្រមទាំងមានពួកយាមល្បាតឈរនៅមាត់ទ្វារផង តែកាលបានបើកទៅ នោះមិនឃើញមានអ្នកណាមួយនៅក្នុងទីនោះសោះ
24. កាលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជបានឮដូច្នោះ នោះក៏វល់ក្នុងចិត្តពីដំណើរពួកនោះ ដែលកើតជាយ៉ាងណា
25. តែមានម្នាក់ទៀតមកជំរាបថា មើល ពួកមនុស្សដែលលោកបានដាក់គុកនោះ ឥឡូវនេះ គេកំពុងតែឈរបង្រៀនដល់ពួកជន នៅក្នុងព្រះវិហារវិញ
26. នោះមេទ័ព និងពួកអាជ្ញា ក៏ទៅនាំគេមក ដោយឥតមានគំហកកំហែងសោះ ដ្បិតខ្លាចក្រែងបណ្តាជនចោលខ្លួននឹងថ្ម
27. កាលបាននាំមកដាក់នៅមុខក្រុមជំនុំហើយ នោះសំដេចសង្ឃស្តីថា
28. តើយើងមិនបានហាមផ្តាច់មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី តែមើល ឯងរាល់គ្នាបានបង្រៀនសេចក្ដីនោះ នៅពេញក្រុងយេរូសាឡិមទាំងមូលវិញ ព្រមទាំងគិតទំលាក់ទោសពីឈាមមនុស្សនោះមកលើយើងផង
29. តែពេត្រុស និងពួកសាវកឯទៀត ឆ្លើយឡើងថា ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស
30. រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ
31. ហើយព្រះបានដំកើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប
32. យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ពីការទាំងនោះ។