កិច្ចការ 5:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តែ​មាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ​អាន៉្នានាស ប្រពន្ធ​ឈ្មោះ​សាភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ

2. ហើយ​បាន​គៃ​ដំឡៃ​នោះ​ទុក​ខ្លះ ដោយ​ប្រពន្ធ​យល់​ព្រម​ដែរ រួច​នាំ​យក​១​ចំណែក​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក

3. តែ​ពេត្រុស​សួរ​ថា អាន៉្នានាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​អ្នក​ហ៊ាន​កុហក​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​គៃ​ទុក​ដំឡៃ​ដ៏​១​ចំណែក​ដូច្នេះ

4. កាល​នៅៗ​ឡើយ តើ​មិន​មែន​ជា​របស់​ផង​អ្នក​ទេ​ឬ​អី ហើយ​ដែល​លក់​ទៅ តើ​ប្រាក់​មិន​នៅ​ក្នុង​អំណាច​អ្នក​ដែរ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​អ្នក​កាត់​ចិត្ត​ធ្វើ​ដូច្នេះ នេះ​មិន​មែន​កុហក​ដល់​មនុស្ស​ទេ គឺ​ឈ្មោះ​ថា​កុហក​ដល់​ព្រះ​វិញ

5. កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច

6. នោះ​ពួក​កំឡោះៗ​ក្រោក​ឡើង រុំ​ខ្មោច​យក​ទៅ​កប់

7. នៅ​គ្រា​ប្រហែល​ជា​៣​ម៉ោង​ក្រោយ​មក​ប្រពន្ធ​គាត់​ក៏​ចូល​មក ឥត​ដឹង​ការ​ដែល​កើត​មក​នោះ​សោះ

8. ពេត្រុស​សួរ​ថា សូម​ប្រាប់​ខ្ញុំ តើ​បាន​លក់​ដី​ថ្លៃ​ប៉ុណ្ណោះ​មែន​ឬ នាង​ឆ្លើយ​តប​ថា ចាស ពិត​មែន​ហើយ

9. រួច​ពេត្រុស​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ព្រម​ព្រៀង​គ្នា និង​ល្បង​ដល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ មើល ពួក​អ្នក​ដែល​កប់​ខ្មោច​ប្ដី​អ្នក គេ​មក​ដល់​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​អ្នក​យក​ទៅ​ដែរ

10. នោះ​ស្រាប់​តែ​នាង​ដួល​ដាច់​ខ្យល់​១​រំពេច នៅ​ទៀប​ជើង​ពេត្រុស​ទៀត កាល​ពួក​កំឡោះ​បាន​ចូល​មក ឃើញ​នាង​ស្លាប់ នោះ​ក៏​សែង​យក​ទៅ​កប់ នៅ​ជិត​ខ្មោច​ប្ដី​ទៅ

កិច្ចការ 5