កិច្ចការ 4:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដូច្នេះ កាល​បាន​បង្គាប់​ឲ្យ​គេ​ចេញ​ពី​ពួក​ក្រុម‌ជំនុំ​ទៅ​បន្តិច នោះ​ក៏​ពិគ្រោះ​ថា

16. តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នេះ ដ្បិត​ដែល​គេ​បាន​ធ្វើ​ទី​សំគាល់​យ៉ាង​អស្ចារ្យ នោះ​ក៏​ច្បាស់​ដល់​គ្រប់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម​ហើយ យើង​ក៏​ប្រកែក​មិន​បាន​ផង

17. ប៉ុន្តែ ចូរ​យើង​កំហែង​ហាម​គេ មិន​ឲ្យ​និយាយ​នឹង​អ្នក​ណា​ទៀត ដោយ​ឈ្មោះ​នោះ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ផ្សាយ​ទៅ​ក្នុង​ពួក​ជន​ទៀត

18. រួច​លោក​ហៅ​មក​វិញ ហាម​ផ្តាច់​មិន​ឲ្យ​និយាយ ឬ​បង្រៀន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត​ឡើយ

19. តែ​ពេត្រុស និង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ

20. ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ

21. តែ​លោក​កំហែង​ទៀត រួច​លែង​ឲ្យ​ទៅ ដោយ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​នឹង​ធ្វើ​ទោស​សោះ ដោយ​ព្រោះ​បណ្តា‌ជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​តែ​សរសើរ‌ដំកើង​ដល់​ព្រះ ពី​ការ​នោះ​ដែល​ទើប​នឹង​កើត​មក

22. ពី​ព្រោះ​មនុស្ស​ដែល​បាន​ជា ដោយ‌សារ​ទី​សំគាល់​នោះ គាត់​មាន​អាយុ​ជាង​៤០​ឆ្នាំ​ហើយ។

23. លុះ​បាន​លែង​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ពួក​របស់​ខ្លួន​វិញ ទាំង​រ៉ាយ​រឿង​ប្រាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​បាន​ហាម‌ប្រាម

24. កាល​ពួក​ជំនុំ​បាន​ឮ​ដូច្នោះ នោះ​ក៏​បន្លឺ‌ឧទាន​ព្រម​គ្នា ទូល​ដល់​ព្រះ​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់​ធំ​បំផុត​អើយ គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី និង​សមុទ្រ ហើយ​របស់​ទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង

25. ទ្រង់​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើម​ឡើង ហើយ​ជន‌ជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ

26. ពួក​មហា‌ក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់»

កិច្ចការ 4