13. កាលបានឃើញថា ពេត្រុស និងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យ ដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ
14. តែលោកគ្មានពាក្យណានឹងឆ្លើយតបមកវិញសោះ ដោយឃើញមនុស្សដែលបានជា គាត់ឈរជាមួយនឹងគេ
15. ដូច្នេះ កាលបានបង្គាប់ឲ្យគេចេញពីពួកក្រុមជំនុំទៅបន្តិច នោះក៏ពិគ្រោះថា
16. តើត្រូវឲ្យយើងធ្វើអ្វីដល់មនុស្សទាំង២នេះ ដ្បិតដែលគេបានធ្វើទីសំគាល់យ៉ាងអស្ចារ្យ នោះក៏ច្បាស់ដល់គ្រប់មនុស្សនៅក្រុងយេរូសាឡិមហើយ យើងក៏ប្រកែកមិនបានផង
17. ប៉ុន្តែ ចូរយើងកំហែងហាមគេ មិនឲ្យនិយាយនឹងអ្នកណាទៀត ដោយឈ្មោះនោះទៀតឡើយ ដើម្បីកុំឲ្យរឿងនេះផ្សាយទៅក្នុងពួកជនទៀត
18. រួចលោកហៅមកវិញ ហាមផ្តាច់មិនឲ្យនិយាយ ឬបង្រៀន ដោយនូវព្រះនាមព្រះយេស៊ូវទៀតឡើយ
19. តែពេត្រុស និងយ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ
20. ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ
21. តែលោកកំហែងទៀត រួចលែងឲ្យទៅ ដោយមិនឃើញជាមានហេតុអ្វីនឹងធ្វើទោសសោះ ដោយព្រោះបណ្តាជន ដ្បិតទាំងអស់គ្នាកំពុងតែសរសើរដំកើងដល់ព្រះ ពីការនោះដែលទើបនឹងកើតមក
22. ពីព្រោះមនុស្សដែលបានជា ដោយសារទីសំគាល់នោះ គាត់មានអាយុជាង៤០ឆ្នាំហើយ។
23. លុះបានលែងស្រេចហើយ នោះក៏នាំគ្នាទៅឯពួករបស់ខ្លួនវិញ ទាំងរ៉ាយរឿងប្រាប់ពីសេចក្ដីទាំងប៉ុន្មានដែលពួកសង្គ្រាជ និងពួកចាស់ទុំបានហាមប្រាម
24. កាលពួកជំនុំបានឮដូច្នោះ នោះក៏បន្លឺឧទានព្រមគ្នា ទូលដល់ព្រះថា ឱព្រះដ៏ជាម្ចាស់ធំបំផុតអើយ គឺទ្រង់ជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី និងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង
25. ទ្រង់បានមានព្រះបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ
26. ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទនៃទ្រង់»
27. ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាស-ពីឡាត់ បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
28. ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ និងព្រះដំរិះទ្រង់ បានគិតសំរេចជាមុន