12. កាលពេត្រុសបានឃើញដូច្នោះ នោះគាត់និយាយទៅប្រជាជនថា ឱសាសន៍អ៊ីស្រាអែលរាល់គ្នាអើយ ហេតុអ្វីបានជាមានសេចក្ដីប្លែកក្នុងចិត្តពីការនេះ ហើយសំឡឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយអាងអំណាច ឬគុណានុភាពរបស់ខ្លួនយើងខ្ញុំដូច្នេះ
13. ព្រះនៃលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានដំកើងអ្នកបំរើទ្រង់នោះ គឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយក្នុងកាលដែលលោកពីឡាត់សំរេចសេចក្ដីថានឹងលែងទ្រង់ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលទ្រង់ទេ
14. គឺជាមិនព្រមទទួលព្រះដ៏បរិសុទ្ធ ហើយសុចរិតនោះឯង បែរជាសូមឲ្យលោកលែងមនុស្សដែលសំឡាប់គេ ដល់អ្នករាល់គ្នាវិញ
15. អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង
16. ហើយគឺដោយសារសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ នោះព្រះនាមទ្រង់បានប្រោសមនុស្សនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ ឲ្យមានកំឡាំងឡើង គឺជាសេចក្ដីជំនឿដែលកើតមក ដោយសារព្រះអង្គនោះឯង បានធ្វើឲ្យគាត់ជាស្រឡះ នៅមុខអ្នករាល់គ្នាដូច្នេះ
17. ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា ព្រមទាំងពួកនាម៉ឺននៃអ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនបានយល់ទេ
18. ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខលំបាក នោះព្រះទ្រង់ក៏បានសំរេចតាមយ៉ាងដូច្នោះឯង
19. ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់
20. ហើយឲ្យទ្រង់បានចាត់ព្រះអង្គនោះ ដែលបានដំរូវទុកជាមុន មកឯអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ
21. ដែលស្ថានសួគ៌ត្រូវទទួល ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានព្រះបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក
22. ដ្បិតលោកម៉ូសេបានមានប្រសាសន៍ដល់ពួកឰយុកោថា «ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ក្នុងគ្រប់ការទាំងអស់ ដែលលោកនឹងប្រាប់មកចុះ
23. ឯអស់អ្នកណាដែលមិនព្រមស្តាប់តាមវិញ នោះនឹងត្រូវវិនាសបាត់ពីសាសន៍ខ្លួនចេញ»