4. លុះពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃគាត់មកដូច្នោះ នោះក៏និយាយគ្នាថា ប្រាកដជាមនុស្សនេះបានសំឡាប់គេហើយ បានជាទោះបើរួចពីសមុទ្រក៏ដោយ គង់តែសេចក្ដីយុត្តិធម៌មិនព្រមឲ្យនៅរស់ដែរ
5. តែគាត់រលាស់ពស់នោះទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ
6. គេរងចាំមើលគាត់ជាហើម ឬដួលស្លាប់ភ្លាមទៅ តែកាលគេបានចាំជាយូរ ហើយឥតឃើញមានឈឺអ្វីសោះ នោះគេប្រែគំនិតទៅជាថា គាត់ជាព្រះវិញ។
7. នៅព័ទ្ធជុំវិញទីនោះ មានដីរបស់អ្នកមេកោះ ឈ្មោះពូញ្លស ដែលទទួលយើងឲ្យស្នាក់នៅផ្ទះគាត់៣ថ្ងៃដោយសប្បុរស
8. គាប់ជួនជាឪពុកពូញ្លសដេកគ្រុន ហើយមួលផង ប៉ុលក៏ចូលទៅអធិស្ឋាន ដាក់ដៃលើគាត់ ឲ្យបានជា
9. ដូច្នេះ អស់អ្នកឯទៀត ដែលឈឺនៅកោះនោះ ក៏មក ហើយបានជាដែរ
10. គេក៏រាប់អានយើងជាខ្លាំង ហើយដល់វេលាដែលយើងចេញទៅ នោះគេបានឲ្យគ្រប់ទាំងរបស់ដែលយើងត្រូវការដែរ។
11. លុះ៣ខែក្រោយមក យើងចុះសំពៅ១ទៅ ជាសំពៅដែលមកពីក្រុងអ័លេក្សានទ្រា ឈ្មោះឌីអូស្គួរ ដែលនៅនឹងកោះនោះក្នុងរដូវរងា
12. កាលបានចូលចតនៅស៊ីរ៉ាគូស ក៏នៅក្រុងនោះ៣ថ្ងៃ
13. ពីទីនោះយើងបើកវាងទៅដល់រេគាម ហើយ១ថ្ងៃក្រោយមក កើតមានខ្យល់ពីខាងត្បូង ដល់ថ្ងៃទី២យើងទៅដល់ពូទីយ៉ូលី
14. នៅទីនោះ យើងរកឃើញពួកជំនុំខ្លះ គេក៏សូមឲ្យយើងនៅជាមួយអស់៧ថ្ងៃ គឺដូច្នោះឯង ដែលយើងបានទៅឯក្រុងរ៉ូម
15. រីឯពួកជំនុំនៅក្រុងរ៉ូម កាលបានឮនិយាយពីយើង នោះគេក៏ចេញមកជួបនឹងយើងត្រឹមផ្សារអាប់ភាស និងផ្ទះសំណាក់បី លុះប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង។