1. កាលគេបានរួចជីវិតហើយ នោះទើបស្គាល់កោះនោះ ថាជាកោះមេលីត
2. មនុស្សស្រុកនោះក៏ប្រព្រឹត្តនឹងយើង ដោយចិត្តសប្បុរសលើសជាងធម្មតា គេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ពីព្រោះធ្លាក់ភ្លៀង ហើយរងាផង
3. ឯប៉ុល ក៏ប្រមូលរំកាច់មែកឈើ១កង យកមកដាក់លើភ្លើង នោះមានពស់វែក១ត្រូវកំដៅភ្លើង បានចេញមកចឹកជាប់នៅដៃគាត់
4. លុះពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃគាត់មកដូច្នោះ នោះក៏និយាយគ្នាថា ប្រាកដជាមនុស្សនេះបានសំឡាប់គេហើយ បានជាទោះបើរួចពីសមុទ្រក៏ដោយ គង់តែសេចក្ដីយុត្តិធម៌មិនព្រមឲ្យនៅរស់ដែរ
5. តែគាត់រលាស់ពស់នោះទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ
6. គេរងចាំមើលគាត់ជាហើម ឬដួលស្លាប់ភ្លាមទៅ តែកាលគេបានចាំជាយូរ ហើយឥតឃើញមានឈឺអ្វីសោះ នោះគេប្រែគំនិតទៅជាថា គាត់ជាព្រះវិញ។
7. នៅព័ទ្ធជុំវិញទីនោះ មានដីរបស់អ្នកមេកោះ ឈ្មោះពូញ្លស ដែលទទួលយើងឲ្យស្នាក់នៅផ្ទះគាត់៣ថ្ងៃដោយសប្បុរស
8. គាប់ជួនជាឪពុកពូញ្លសដេកគ្រុន ហើយមួលផង ប៉ុលក៏ចូលទៅអធិស្ឋាន ដាក់ដៃលើគាត់ ឲ្យបានជា
9. ដូច្នេះ អស់អ្នកឯទៀត ដែលឈឺនៅកោះនោះ ក៏មក ហើយបានជាដែរ
10. គេក៏រាប់អានយើងជាខ្លាំង ហើយដល់វេលាដែលយើងចេញទៅ នោះគេបានឲ្យគ្រប់ទាំងរបស់ដែលយើងត្រូវការដែរ។
11. លុះ៣ខែក្រោយមក យើងចុះសំពៅ១ទៅ ជាសំពៅដែលមកពីក្រុងអ័លេក្សានទ្រា ឈ្មោះឌីអូស្គួរ ដែលនៅនឹងកោះនោះក្នុងរដូវរងា