8. បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែង១ហៅថា ទ្វារសមុទ្រលំអ ដែលនៅជិតក្រុងឡាសេ។
9. លុះបានកន្លងមកជាយូរថ្ងៃ កាលសំពៅណាបើកទៅនឹងមានអន្តរាយ ពីព្រោះបុណ្យតមបានកន្លងហើយ នោះប៉ុលទូន្មានគេថា
10. អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង
11. ប៉ុន្តែ មេទ័ពបានទុកចិត្តនឹងអ្នកកាន់ចង្កូត ហើយនឹងម្ចាស់សំពៅ ជាជាងពាក្យដែលប៉ុលថានោះវិញ
12. ហើយដោយព្រោះទ្វារសមុទ្រនោះមិនស្រួលនឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មានឲ្យបើកចេញពីទីនោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើសិនជាបាន នោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតី និងទិសពាយព្យ។
13. ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត
14. តែក្រោយមកបន្តិច នោះមានធ្លាក់ខ្យល់ព្យុះកំណាច ដែលហៅថា ខ្យល់អ៊ើរ៉ាគ្លីដូន មកប៉ះនឹងសំពៅ
15. ហើយយើងបំបែរក្បាលសំពៅទៅចំខ្យល់ពុំបាន នោះក៏ទុកឲ្យបណ្តោយតាមខ្យល់ទៅ
16. បានសសៀរទៅតាមកោះ១តូច ឈ្មោះក្លូដេ ហើយលើកទូកចងដោយពិបាកណាស់
17. កាលលើកចងស្រេចហើយ គេក៏យកខ្សែពួរចងព័ទ្ធសំពៅ រួចទំលាក់ក្តោងឲ្យរសាត់ទៅតាមខ្យល់ ខ្លាចក្រែងកឿងនឹងផ្នូកខ្សាច់
18. ដល់ថ្ងៃស្អែកឡើង យើងទំលាក់ទំនិញចោលចេញ ព្រោះខ្យល់ព្យុះសង្ឃរាបោកប៉ះយើងជាខ្លាំង
19. ហើយដល់ថ្ងៃទី៣ ក៏ចោលគ្រឿងប្រដាប់សំពៅ ដោយដៃខ្លួនយើងទៀត
20. រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។
21. កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ
22. តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណា១នឹងបាត់ជីវិតទេ ខូចខាតតែសំពៅប៉ុណ្ណោះ
23. ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា
24. ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ